ភ្នំពេញ៖ វិស័យឯកជនរំពឹងថា បន្ទាប់ពីចូលឆ្នាំចិននេះរួច វិនិយោគិនចិនជាច្រើន រួមជាមួយវិនិយោគិនប្រទេស ផ្សេងៗទៀត នឹងចូលមក កម្ពុជាដើម្បីសិក្សាស្វែងយល់ និងបោះទុនវិនិយោគបន្ថែមទៀត ដើម្បីផលិតបម្រើ ទីផ្សារនាំចេញ ស្របពេលដែលកម្ពុជា បានទប់ស្កាត់ការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ មានភាពល្អប្រសើរ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពពាណិជ្ជកម្មកម្ពុជា ថ្លែងលើកឡើងក្នុងកិច្ចសម្ភាសន៍តាមរយៈទូរស័ព្ទជាមួយភ្នាក់ងារអ្នកយកព័ត៌មាន BTV នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២១ នេះ បានលើកឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញអ្នកវិនិយោគ ជាពិសេសការលើកកម្ពស់ដល់ឱកាសវិនិយោគ ស្របពេលដែលកម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងការកែលម្អច្បាប់ស្តីពីការ វិនិយោគជាដើម នឹងធ្វើឲ្យកម្ពុជាទទួលបានអត្ថប្រយោជន៍ ក្នុងការស្រូបយកវិនិយោគិនថ្មីៗកាន់តែច្រើនបន្ថែមទៀត។
លោកឧកញ៉ា បន្តថា ចំពោះវិស័យឯកជនក៏ជាសេនាធិការរបស់រាជរដ្ឋាភិបាល យ៉ាងសំខាន់ ជាក់ស្តែងនាពេល កន្លងមកក៏ដូចបច្ចុប្បន្ន សភាពពាណិជ្ជកម្មកម្ពុជាបានរៀបចំសិក្ខាសាលា និងការទំនាក់ទំនងជាមួយ ដៃគូវិនិយោគ ក្រៅប្រទេសជាច្រើន នឹងស្របពេលដែលកម្ពុជាបានទប់ស្កាត់ការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ មានភាពល្អប្រសើរបន្ថែមទៀតនោះ។ លោកឧកញ៉ារំពឹងថា កម្ពុជាអាចស្រូបយកវិនិយោគិនកាន់តែច្រើននៅក្នុងឆ្នាំនេះ និងឆ្នាំជាបន្តបន្ទាប់។
ចំណែកលោក វ៉ា វីរៈ នាយកក្រុមហ៊ុន Century 21 លើកឡើងថា នៅក្នុងឆ្នាំ២០២២ នេះ បន្ទាប់ពីរាជរដ្ឋាភិបាលបានទប់ស្កាត់ និងការប្រយុទ្ធប្រឆាំង និងជំងឺកូវីដ១៩ បានល្អប្រសើរ ជាពិសេសកម្ពុជាលែងមានអត្រា អ្នកស្លាប់ដោយជម្ងឺកូវីដ១៩ កម្ពុជាគឺជាប្រទេសមួយ លើការទាក់ទាញវិនិយោគិនបរទេស ចូលមកវិនិយោគបន្ថែមទៀត ខណៈដែលប្រទេសមួយចំនួន នៅកំពុងបន្តនៃការរីករាលជម្ងឺកូវីដ១៩ នេះនៅឡើយ។
ឯកឧត្តម ឡុង ឌីម៉ង់ អ្នកនាំពាក្យនិងជាអភិបាលរងខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលបានគ្រប់គ្រងរោគរាតត្បាតកូវីដ១៩ បានល្អប្រសើរ និងមានទំនុកចិត្ត, បច្ចុប្បន្នវិនិយោគិនបរទេសជាពិសេសអ្នក វិនិយោគចិន បានចុះមកសិក្សា និងស្វែងរកទីតាំងវិនិយោគជាបណ្តើរៗហើយ ក្នុងនោះក៏មានអ្នកវិនិយោគ មួយចំនួនបានបើកអាជីវកម្មរោងចក្រ សហគ្រាសជាបណ្តើរៗផងដែរ៕អត្ថបទ៖ សុន រ៉ាឌី
