ជំរំជនភៀសខ្លួន al-Shati របស់ទីក្រុងហ្កាហ្សា នៅតែបន្តឆេះកាលពីថ្ងៃព្រហស្បតិ៍ ១១ កញ្ញា បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ចំលើអគារលំនៅដ្ឋានមួយ ដោយបានបង្ខំឲ្យក្រុមអ្នកស្រុកដែលកំពង់រត់គេចពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល រត់យ៉ាងភ័យស្លន់ស្លោចេញទៅតាមផ្លូវ។

អ្នកស្រុកក្នុងជំរំបាននិយាយថា ពួកគេកំពុងអង្គុយដោយសុវត្ថិភាពនៅក្នុងផ្ទះរបស់ខ្លួន ភ្លាមៗនោះកងទ័ពអ៊ីស្រាអែល ប្រាប់ពួកគេឱ្យចាកចេញពីផ្ទះ កងទ័ពនឹងតម្រង់គោលដៅលើអគារដែលនៅជាប់នឹងពួកគេ។
ក្រុមប្រជាពលរដ្ឋខាងលើបាននិយាយថាគ្មានអ្នកណាយកចិត្តទុកដាក់ពួកគេទេ។ ពួកគេកំពុងស្លាប់គ្រប់នាទី សូមបញ្ឈប់សង្គ្រាមនេះទៅ។
យោងតាមក្រុមគ្រូពេទ្យ មនុស្សយ៉ាងហោចណាស់៥ នាក់បានស្លាប់ និងជាច្រើននាក់ទៀតរងរបួសនៅក្នុងការវាយប្រហារតាមអាកាសនេះ។
អ៊ីស្រាអែលបានចេញការព្រមានដល់ពលរដ្ឋប៉ាឡេស្ទីនឱ្យចាកចេញពីទីក្រុងហ្កាហ្សា ជាតំបន់ធ្លាប់មានប្រជាជនប្រហែលមួយលាននាក់រស់នៅ ខណៈខ្លួនព្យាយាមបំផ្លាញអ្វីដែលនៅសេសសល់របស់ក្រុមហាម៉ាស ដែលត្រូវបានបំផ្លាញដោយយោធាអ៊ីស្រាអែលតាំងពីខែតុលាឆ្នាំ ២០២៣ មក។
ការបញ្ជាជម្លៀសនេះបានធ្វើឱ្យមានការភ័យស្លន់ស្លោ និងភាពច្របូកច្របល់ក្នុងចំណោមអ្នកស្រុកក្នុងក្រុងហ្កាហ្សា។ អ្នកខ្លះបាននិយាយថា ពួកគេនឹងគ្មានជម្រើសអ្វីក្រៅពីចាកចេញទៅកាន់ភាគខាងត្បូងនោះទេ ខណៈភាគច្រើននៃអ្នកផ្សេងទៀតបាននិយាយថាពួកគេនឹងបន្តស្នាក់នៅ ព្រោះគ្មានកន្លែងផ្សេងទៀតមានសុវត្ថិភាពឡើយ៕

