នាយករដ្ឋមន្ត្រីកាតា នឹងជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ (១២ កញ្ញា) នេះ ហើយត្រូវបានរំពឹងថានឹងពិភាក្សាពីការវាយប្រហាររបស់អ៊ីស្រាអែល លើរដ្ឋធានីដូហា និងស្ថានភាពនៃកិច្ចចរចាសម្រាប់បទឈប់បាញ់តំបន់ហ្កាហ្សា ដែលស្ថិតនៅក្រោមការវាយលុកកាន់តែខ្លាំងក្លាឡើងរបស់អ៊ីស្រាអែល។

ក្រសួងការបរទេសអាមេរិក បាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា លោកនាយករដ្ឋមន្ត្រីកាតា Sheikh Mohammed bin Abdulrahman al-Thani នឹងជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នៅសេតវិមានក្នុងទីក្រុងវ៉ាស៊ីនតោន។ សារព័ត៌មាន Politico និង Axios រាយការណ៍ថា នាយករដ្ឋមន្ត្រីកាតា ដែលកំពុងជំរុញឱ្យមានការឆ្លយតបរួមលើអ៊ីស្រាអែលជុំវិញការវាយប្រហារនេះ ក៏អាចនឹងជួបជាមួយលោកប្រធានាធិបតីអាមេរិក Donald Trump អនុប្រធានាធិបតី JD Vance និងប្រេសិតពិសេស គឺលោក Steve Witkoff ផងដែរ។

អ៊ីស្រាអែល បានប៉ុនប៉ងសម្លាប់ថ្នាក់ដឹកនាំនយោបាយនៃក្រុមហាម៉ាស ជាមួយនឹងការវាយប្រហារក្នុងកាតា កាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលជាការបង្កើនសកម្មភាពយោធារបស់ខ្លួនកាន់តែខ្លាំងក្លានៅមជ្ឈិមបូព៌ា។ ការវាយប្រហារនេះត្រូវថ្កោលទោសយ៉ាងទូលំទូលាយជុំវិញពិភពលោក ថាជាទង្វើដុតបញ្ឆេះភាពតានតឹងក្នុងតំបន់ ដែលកំពុងស្ថិតលើមាត់ជ្រោះស្រាប់ទៅហើយ។

ទីក្រុងវ៉ាស៊ីនតោនបានចាត់ទុកកាតា ថាជាសម្ព័ន្ធមិត្តឈូងសមុទ្រដ៏រឹងមាំមួយ។ កាតាក៏កំពុងដើរតួជាអ្នកសម្រុះសម្រួលរកកិច្ចព្រមព្រៀងបទឈប់បាញ់មួយរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅហ្កាហ្សា សម្រាប់ការដោះលែងចំណាប់ថ្នូរអ៊ីស្រាអែលក្នុងដៃក្រុមហាម៉ាស និងសម្រាប់ផែនការស្តីពីតំពន់ហ្កាហ្សាក្រោយសង្រ្គាម៕