បេឡារុស្ស៖ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បាននិយាយថា សមយុទ្ធរួមគ្នានាពេលខាងមុខជាមួយប្រទេសរុស្ស៊ី នឹងជួយកំណត់ទីតាំងសម្រាប់ការដាក់ពង្រាយទាហានបេឡារុស្សបន្ថែមទៀត នៅតាមព្រំដែនជាមួយប្រទេសអ៊ុយក្រែន។ ថ្លែងក្នុងពិធីប្រគល់រង្វាន់រដ្ឋលោក Lukashenko បាននិយាយថា ប្រទេសបេឡារុស្សកំពុងពង្រឹងកងកម្លាំងយោធារបស់ខ្លួន នៅព្រំដែនជាមួយប្រទេសអ៊ុយក្រែន។

លោកនិយាយថា លោកត្រូវបង្ខំធ្វើដូច្នេះ ព្រោះស្ថានភាពនៅព្រំដែនជាមួយប្រទេសអ៊ុយក្រែន មិនប្រសើរជាងនៅព្រំដែនជាមួយប្រទេសប៉ូឡូញនោះទេ។ លោក Lukashenko បាននិយាយថា សមយុទ្ធរួមគ្នាជាមួយរុស្ស៊ីនឹងធ្វើឡើងនៅព្រំដែនភាគខាងលិចរបស់ប្រទេសបេឡារុស្ស និងនៅភាគខាងត្បូងរបស់ប្រទេស ដែលជាទីតាំងជាប់ព្រំដែនជាមួយអ៊ុយក្រែន។ ដោយបន្ថែមទៅលើទាហានប្រមាណ ១០ម៉ឺននាក់ដែលដាក់ពង្រាយនៅជិតប្រទេសអ៊ុយក្រែន រុស្ស៊ីបានបន្ថែមកងទ័ពពីតំបន់ស៊ីបេរី និងចុងបូព៌ា សម្រាប់សមយុទ្ធរួមគ្នាជាមួយ សម្ព័ន្ធមិត្តរបស់ខ្លួនគឺប្រទេសបេឡារុស្ស។ អង្គភាពយោធារុស្ស៊ីបានរំកិលខ្លួនទៅកាន់ តំបន់ក្បែរព្រំដែនភាគខាងត្បូងប្រទេសបេឡារុស្សមានចម្ងាយប្រមាណ ៧៥គីឡូម៉ែត្រពីទីក្រុងគៀវ។
ការដាក់ពង្រាយនេះនឹងពង្រឹងវត្តមានយោធារុស្ស៊ីបន្ថែមទៀត នៅជិតប្រទេសអ៊ុយក្រែន ក្នុងពេលមានការព្រួយបារម្ភពីប្រទេសលោកខាងលិច ក្នុងការឈ្លានពានដែលមានក្នុងផែនការ។ លោក Lukashenko បាននិយាយថា ចំណាត់ការរបស់បេឡារុស្សក្នុងការពង្រឹងព្រំដែនជាមួយអ៊ុយក្រែនក្នុងផ្នែកយោធា ស្របពេលសមយុទ្ធជាមួយប្រទេសរុស្ស៊ី។ អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Alexander Fomin បាននិយាយថា សមយុទ្ធរួមគ្នាជាមួយបេឡារុស្សនឹងចូលរួមអនុវត្តការឆ្លើយតបរួមគ្នា ចំពោះការគំរាមកំហែងពីខាងក្រៅ។ មន្ត្រីអ៊ុយក្រែនបានព្រមានថា រុស្ស៊ីអាចបើកការវាយប្រហារលើអ៊ុយក្រែនពីទិសដៅជាច្រើន រួមទាំងពីសម្ព័ន្ធមិត្តរបស់ខ្លួនប្រទេសបេឡារុស។ ប៉ុន្តែរុស្ស៊ីបានបដិសេធថា ខ្លួនគ្មានបំណងវាយប្រហារប្រទេសជិតខាងរបស់ខ្លួននោះទេ៕
អត្ថបទ៖ ប៊ុនថន