សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើក្រុមហ៊ូទីនៅប្រទេសយេម៉ែនក្នុងពេលមានការកើនឡើងខ្លាំងភាពតានតឹងនៅក្នុងតំបន់។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថាក្រសួងកំពុងចេញទណ្ឌកម្មប្រឆាំងនឹងបុគ្គលនិងអង្គភាពអាជីវកម្មចំនួន៣២ ព្រមទាំងនាវាចំនួន៤គ្រឿង។

ចំណាត់ការនេះមានគោលបំណងបង្អាក់ដល់ការរៃអង្គាសប្រាក់ ការរត់ពន្ធ និងប្រតិបត្តិការវាយប្រហាររបស់ក្រុមហ៊ូទី។ ក្រសួងរតនាគារនិយាយថា ទណ្ឌកម្មនេះដាក់គោលដៅទៅលើក្រុមហ៊ុនជាច្រើនមានមូលដ្ឋាននៅប្រទេសចិន ដែលបានជួយដឹកជញ្ជូនផ្នែកយោធាទៅកាន់ក្រុមនេះ ព្រមទាំងអ្នករត់ពន្ធប្រេង និងក្រុមហ៊ុនដឹកជញ្ជូនដែលមានទំនាក់ទំនងជាមួយក្រុមហ៊ូទី។

លោក John K Hurley អនុរដ្ឋមន្ត្រីក្រសួងរតនាគារសម្រាប់ចារកម្មភេរវកម្មនិងហិរញ្ញវត្ថុ បាននិយាយថា «ក្រុមហ៊ូទី បន្តគំរាមកំហែងបុគ្គលិកនិងទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិកនៅសមុទ្រក្រហម វាយប្រហារសម្ព័ន្ធមិត្តរបស់យើងនៅក្នុងតំបន់ និងធ្វើឱ្យអន្តរាយដល់សន្តិសុខដែនសមុទ្រអន្តរជាតិក្នុងការសម្របសម្រួលជាមួយរបបអ៊ីរ៉ង់»។ ក្រុមហ៊ូទី បានបើកការវាយប្រហារដោយយានដ្រូន និងមីស៊ីលរាប់រយគ្រាប់ ទៅលើនាវានៅសមុទ្រក្រហមចាប់តាំងពីចុងឆ្នាំ២០២៣ ជាអ្វីដែលពួកគេនិយាយថាជាសកម្មភាពនៃសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនជុំវិញសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ កាលពីខែឧសភា ក្រុមនេះបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដែលសម្របសម្រួលដោយប្រទេសអូម៉ង់ ជាមួយទីក្រុងវ៉ាស៊ីនតោន ដែលនាំទៅរកការបញ្ចប់ការវាយប្រហារគ្នារយៈពេលពីរខែរបស់សហរដ្ឋអាមេរិកលើប្រទេសយេម៉ែន។ ទណ្ឌកម្មថ្មីនេះធ្វើឡើងខណៈអ៊ីស្រាអែលបង្កភាពតានតឹងក្នុងតំបន់ដោយការវាយប្រហារជាច្រើននៅទូទាំងមជ្ឈឹមបូព៌ា និងបន្តវាយលុកទៅលើទីក្រុងហ្កាហ្សា។ កាលពីថ្ងៃពុធ ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើរដ្ឋធានីសាណា(Sanaa) និងខេត្ត al-Jawf របស់យេម៉ែន បានសម្លាប់មនុស្សយ៉ាងហោចណាស់៣៥នាក់។