ប្រធានាធិបតីប្រទេសអេក្វាឌ័រ លោក Daniel Noboa បានដឹកនាំការដង្ហែរក្បួនដើម្បីសន្តិភាព និងយុត្តិធម៌ កាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា នៅទីក្រុង Guayaquil ជាទីក្រុងគ្រោះថ្នាក់បំផុតមួយក្នុងចំណោមទីក្រុងទាំងអស់របស់ប្រទេស បន្ទាប់ពីការប្រកាសអំពីវិធានការរបស់រដ្ឋាភិបាលដ៏តឹងរ៉ឹងប្រឆាំងឧក្រិដ្ឋកម្ម និងការជំរុញឱ្យមានការបោះឆ្នោតប្រជាមតិស្តីពីសន្តិសុខ និងកំណែទម្រង់នយោបាយ។

លោក Noboa បាននិងកំពុងប្រយុទ្ធប្រឆាំងក្រុមជនអន្ធពាលឧក្រិដ្ឋជនដែលជាប់ពាក់ព័ន្ធក្នុងការជួញដូរគ្រឿងញៀនចាប់តាំងពីខែមករា ឆ្នាំ២០២៤ ដោយមានការគាំទ្រពីសហរដ្ឋអាមេរិក។ លោកបានបន្ទោសក្រុមទាំងនេះ ចំពោះការកើនឡើងអ្នកស្លាប់ដោយហិង្សានៅឆ្នាំនេះ។ កាលពីខែមុន លោកប្រធានាធិបតីបានដឹកនាំការដង្ហែរក្បួនស្រដៀងគ្នានេះនៅក្នុងរដ្ឋធានី Quito ដើម្បីប្រឆាំងនឹងសេចក្តីសម្រេចរបស់តុលាការធម្មនុញ្ញក្នុងការផ្អាកជាបណ្តោះអាសន្ននូវបទប្បញ្ញត្តិសន្តិសុខជាច្រើនដែលត្រូវបានអនុម័តដោយសភា។ ថ្មីៗនេះ តុលាការដដែលបានច្រានចោលបញ្ហាមួយចំនួនដែល លោក Noboa បានស្នើសម្រាប់ការធ្វើប្រជាមតិរបស់លោក។

លោក ប្រធានាធិបតី បានដាក់ពង្រាយទាហានទៅតាមដងផ្លូវក្នុងកិច្ចប្រឹងប្រែងដើម្បីទប់ស្កាត់អំពើហិង្សា ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់បណ្តាញហិរញ្ញវត្ថុរបស់ក្រុមឧក្រិដ្ឋជន។ លោក ក៏កំពុងជំរុញឲ្យមានវិធានការដូចជាការដាក់ទោសទណ្ឌឲ្យកាន់តែតឹងរ៉ឹងចំពោះការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋដែលពាក់ព័ន្ធ។