ប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ Al-Naser នៃទីក្រុងហ្កាហ្សា កាលពីថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) កំពុងតែប្រឈមនិងវិបត្តិដ៏គ្រោះថ្នាក់ថ្មីមួយទៅលើការសម្រេចចិត្តថា តើត្រូវបន្តរឹងរូសស្នាក់នៅ ឬក៏ភៀសខ្លួនទៅភាគខាងត្បូង បន្ទាប់ពីយោធាអ៊ីស្រាអែល ទម្លាក់ខិត្តបណ្ណព្រមានថា កងទ័ពនឹងកាន់កាប់សង្កាត់ភាគខាងលិចមួយនេះ ដោយបន្តការវាយរុលរបស់ខ្លួនជាផ្នែកនៃផែនការគ្រប់គ្រងទីក្រុងហ្កាហ្សាទាំងមូល។

អ៊ីស្រាអែល បានបញ្ជាមនុស្សរាប់សែននាក់ដែលរស់នៅក្នុងក្រុងហ្កាហ្សា ឱ្យចាកចេញជាបន្ទាន់ ខណៈយោធាកាន់តែបង្កើនសង្គ្រាមលើក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ប៉ុន្តែជាមួយនឹងគ្រោះថ្នាក់គ្រប់កន្លែង ជម្រកស្នាក់នៅតូចចង្អៀត និងអាហារតិចតួចក្នុងតំបន់ហ្កាហ្សាទាំងមូល ជម្រើសសម្រាប់ប្រជាជនប៉ាឡេស្ទីនគឺសុទ្ធតែលំបាក។
ទន្ទឹមនឹងនេះ ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សរាប់សិបនាក់ទៀតហើយនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមក្រុមគ្រូពេទ្យ និងអាជ្ញាធរសុខាភិបាលក្នុងតំបន់ ដោយការស្លាប់ភាគច្រើនកើតនៅទីក្រុងហ្កាហ្សា និងផ្សេងទៀតនៅផ្នែកកណ្តាល និងភាគខាងត្បូងនៃទឹកដីហ៊ុមព័ទ្ធនេះ។
កងទ័ពជើងគោកអ៊ីស្រាអែល បានធ្វើប្រតិបត្តិការនៅតំបន់ Al-Naser នៅពេលចាប់ផ្តើមសង្រ្គាមដំបូងក្នុងខែតុលា ឆ្នាំ២០២៣ ហើយការទម្លាក់ខិត្តបណ្ណព្រមានឱ្យជម្លៀសកាលពីល្ងាចថ្ងៃពុធសប្ដាហ៍នេះ បានធ្វើឱ្យអ្នកស្រុកកាន់តែភ័យខ្លាចថា រថក្រោះនឹងវាយចូលក្នុងពេលឆាប់ៗនេះដើម្បីកាន់កាប់សង្កាត់លំនៅឋាននេះទាំងមូល៕

