ប៉ូឡូញ បានលើកយកមាត្រាទី៤ នៃធម្មនុញ្ញរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ណាតូ មកប្រើប្រាស់ បន្ទាប់ពីប្រទេសនេះបានរាយការណ៍ថាមាន "ការបំពាន" លើដែនអាកាសរបស់ខ្លួនចំនួន ១៩លើក ដោយយានដ្រូនរបស់រុស្ស៊ី កាលពីថ្ងៃពុធ (១០ កញ្ញា) សប្ដាហ៍នេះ។ ក្រសួងមហាផ្ទៃប៉ូឡូញ និយាយថា ដ្រូនសរុប ១៦គ្រឿង ត្រូវពិនិត្យឃើញនៅរាយប៉ាយពាសពេញប្រទេស។

យន្តហោះចម្បាំងណាតូ បានបាញ់ទម្លាក់ដ្រូនរុស្ស៊ីជាច្រើនគ្រឿង ដែលជ្រៀតចូលដែនអាកាសប៉ូឡូញ ក្នុងអំឡុងការវាយប្រហារលើប្រទេសជិតខាងអ៊ុយក្រែន ដោយនេះជាលើកទីមួយហើយដែលសកម្មភាពយោធាបែបនេះត្រូវធ្វើឡើងដោយសម្ព័ន្ធយោធា ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែនមក។
ឥឡូវនេះ សម្ព័ន្ធណាតូ បានពិភាក្សាជាផ្លូវការពីស្ថានភាពនេះ ដែលមន្ត្រីប៉ូឡូញហៅថាជា "ការបង្កហេតុរបស់រុស្ស៊ី"។ សម្ព័ន្ធការពារឆ្លងដែនអាត្លង់ទិកនេះពឹងផ្អែកខ្លាំងលើគោលការណ៍នៃមាត្រាទី៥ ដលចែងថា ការវាយប្រហារលើសមាជិកណាម្នាក់ គឺជាការវាយប្រហារលើទាំងអស់គ្នា។
យ៉ាងណាមិញ ឧប្បត្តិហេតុដ្រូនរុស្ស៊ីនេះ មិនទាន់ជំរុញឱ្យមានការប្រើប្រាស់មាត្រទី៥ នៅឡើយទេ ដោយមានតែជំហានដំបូងប៉ុណ្ណោះដែលត្រូវបានធ្វើនោះគឺមាត្រាទី៤ នៃសន្ធិសញ្ញារបស់ណាតូ ដែលចែងថា គ្រប់ប្រទេសសមាជិកអាចលើកយកបញ្ហាមកពិគ្រោះយោបល់ជាផ្លូវការ ទៅកាន់ស្ថាប័នធ្វើសេចក្តីសម្រេចដ៏សំខាន់របស់ណាតូ គឺក្រុមប្រឹក្សាអាត្លង់ទិកខាងជើង ដើម្បីជួបប្រជុំ ពិគ្រោះយោបល់ និងពិភាក្សាពីជំហានបន្ទាប់ជាមួយសម្ព័ន្ធមិត្ត នៅពេលណាក៏ដោយដែលសមាជិកណាម្នាក់គិតថា ទឹកដី ឯករាជ្យភាពនយោបាយ ឬសន្តិសុខរបស់ពួកគេ ត្រូវបានគំរាមកំហែង៕

