នគរបាលនេប៉ាល់ បាននិយាយនៅថ្ងៃសុក្រ (ថ្ងៃទី១២ ខែកញ្ញា) នេះថា អ្នកស្លាប់ក្នុងបាតុកម្មដ៏ហិង្សានៅក្នុងប្រទេស បានបន្តកើនឡើងឥតឈប់ឈរ ដោយមានមនុស្សយ៉ាងតិច ៥១នាក់ ត្រូវបានសម្លាប់ ក្នុងអំឡុងពេលចលនាតវ៉ា "យុវជនសម័យថ្មី" (Gen Z) ដែលបញ្ឆេះដំបូងឡើយក្នុងថ្ងៃចន្ទសប្តាហ៍នេះ ដោយសារតែបម្រាមបណ្ដាញសង្គម ហើយបានឈានដល់ការលាលែងពីតំណែងរបស់នាយករដ្ឋមន្រ្តី។

ការពិភាក្សាកំពុងបន្តរវាងប្រធានាធិបតី តំណាងអ្នកតវ៉ា ឥស្សរជននយោបាយសំខាន់ៗដែលអាចដឹកនាំរដ្ឋបាលបណ្តោះអាសន្ន រួមទាំងកងទ័ព ដែលបានដាក់បម្រាមគោចរ និងកំពុងល្បាតតាមដងផ្លូវនានាក្នុងរដ្ឋធានីកដ្ឋមណ្ឌូ។ កងទ័ពនេប៉ាល់បាននិយាយនៅថ្ងៃសុក្រដដែលនេះថា កងកម្លាំងរបស់ខ្លួនបានយកកាំភ្លើងជាង ១០០ដើមមកវិញ ដែលត្រូវបានលួចនៅក្នុងភាពចលាចល។
មូលហេតុនៅពីក្រោយកំហឹងដែលអង្រួននេប៉ាល់នេះ ត្រូវបានគេមើលឃើញថាដោយសារតែអស្ថិរភាពនយោបាយ ដែលបានបន្តវិសមភាពសង្គមដ៏ធ្ងន់ធ្ងររបស់នេប៉ាល់ ជាពិសេសទុក្ខលំបាកសេដ្ឋកិច្ចក្នុងចំណោមយុវជន ដែលត្រូវបង្ខំចិត្តធ្វើចំណាកស្រុក ឬអន្តោប្រវេសន៍ ព្រោះភាពអត់ការងារធ្វើកើនឡើងនៅក្នុងប្រទេសតំបន់ភ្នំហិម៉ាឡៃ ដែលមានប្រជាជន ៣០លាននាក់នេះ៕

