អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់ បានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) ថា ទីក្រុងប៊ែរឡាំង នឹងគាំទ្រសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ សម្រាប់ដំណោះស្រាយរដ្ឋពីរ ចំពោះជម្លោះដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន ប៉ុន្តែគិតថា ពេលវេលាមិនទាន់មកដល់ក្នុងការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនជាផ្លូវការឡើយ។

អ្នកនាំពាក្យរូបនេះបាននិយាយថា៖ «អាល្លឺម៉ង់នឹងគាំទ្រសេចក្ដីសម្រេចបែបនេះដែលគ្រាន់តែពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងច្បាប់អន្តរជាតិ» ដោយបន្ថែមថា ទីក្រុងប៊ែរឡាំង តែងតែតស៊ូមតិចំពោះដំណោះស្រាយរដ្ឋពីរ ហើយកំពុងស្នើឱ្យរឿងនេះកើតឡើងគ្រប់ពេលវេលាទាំងអស់។
គួរឱ្យដឹងថា ដំណោះស្រាយរដ្ឋពីរនេះ គឺជាគំនិតមួយដែលភាគីទាំងពីរអាចរួមរស់ជាមួយគ្នាដោយសន្តិភាព (សន្តិសហវិជ្ជមាន) ដោយមានរដ្ឋប៉ាឡេស្ទីនមួយនៅលើទឹកដែលអ៊ីស្រាអែលដណ្តើមកាន់កាប់នៅក្នុងសង្រ្គាមឆ្នាំ១៩៦៧ ជាមួយនឹងដែនដីហ្កាហ្សាស្រ្ទីប និង West Bank តភ្ជាប់ដោយច្រករបៀងឆ្លងកាត់អ៊ីស្រាអែល។
អង់គ្លេស បារាំង កាណាដា អូស្ត្រាលី និងបែលហ្ស៊ិក សុទ្ធតែបាននិយាយថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅចុងខែនេះ។ ចំណែកសហរដ្ឋអាមេរិកវីញបានប្រឆាំងយ៉ាងខ្លាំងចំពោះចំណាត់ការណាមួយរបស់សម្ព័ន្ធមិត្តអឺរ៉ុប ក្នុងការទទួលស្គាល់ឯករាជ្យភាពប៉ាឡេស្ទីនបែបនេះ៕

