ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហ៊ួទី នៅប្រទេសយេម៉ែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (១១ កញ្ញា) ថា ចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមអាកាសនៅថ្ងៃពុធ ទី១០ ខែកញ្ញា របស់អ៊ីស្រាអែល បានកើនឡើងដល់យ៉ាងតិច ៤៦នាក់ និងមនុស្ស ១៦៥នាក់បានរងរបួស។

អ៊ីស្រាអែល បានវាយប្រហាររដ្ឋធានីសាណា របស់យេម៉ែន និងខេត្តភាគខាងជើង al-Jawf ដែលជាការវាយឆ្មក់តបតគ្នាចុងក្រោយបង្អស់រវាងអ៊ីស្រាអែល និងក្រុមហ៊ួទី គាំទ្រដោយអ៊ីរ៉ង់នៅយេម៉ែន ដែលជាផ្នែកមួយនៃការរីករាលដាលពីសង្គ្រាមនៅតំបន់ហ្កាហ្សា។
ការវាយប្រហារចុងក្រោយបំផុតនេះបានធ្វើឡើង បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៣០ ខែសីហា លើទីក្រុងសាណា ដែលបានសម្លាប់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលក្រុមហ៊ួទី និងរដ្ឋមន្ត្រីជាច្រើននាក់ផ្សេងទៀត នៅក្នុងការវាយប្រហារបែបនេះលើកដំបូងសំដៅទៅលើមន្ត្រីជាន់ខ្ពស់។
ពួកហ៊ួទី ដែលគ្រប់គ្រងផ្នែកមានប្រជាជនរស់នៅច្រើនជាងគេក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារលើនាវានៅសមុទ្រក្រហម ក្នុងអ្វីដែលពួកគេពណ៌នាថាជាសកម្មភាពសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ ក្រុមប្រដាប់អាវុធនេះក៏បានបាញ់មីស៊ីលសំដៅដាក់អ៊ីស្រាអែល ដែលភាគច្រើនត្រូវបានស្ទាក់ចាប់ ហើយអ៊ីស្រាអែលឆ្លើយតបវិញជាមួយនឹងការវាយប្រហារលើតំបន់នានា ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ួទីនេះក្នុងប្រទេសយេម៉ែន៕

