ក្រុមជួយសង្រ្គោះ បានចុះប្រតិបត្តិការរុករកនៅតាមទន្លេ និងតាមគំនរបាក់បែកភូមិរងការបំផ្លិចបំផ្លាញ ដើម្បីស្វែងរកអ្នករស់រានពីទឹកជំនន់ដ៏គំហុកស្លាប់មនុស្ស ដែលបានវាយប្រហារខេត្តចំនួន ២ នៅក្នុងប្រទេសឥណ្ឌូនេស៊ីនាដើមសប្តាហ៍នេះ ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៣នាក់ និងមនុស្ស ៥នាក់ផ្សេងទៀត កំពុតបាត់ខ្លួន ស្របពេលដែលទឹកជំនន់ បានចាប់ផ្តើមស្រកទៅវិញ ។

ភ្លៀងធ្លាក់ខ្លាំងរយៈពេល ៤ថ្ងៃកន្លងមកនេះ បណ្តាលឲ្យកើតមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី នៅតាមទីក្រុងចំនួន ៩ និងស្រុកជាច្រើនទៀតនៅកោះទេសចរណ៍បាលី និងខេត្ត East Nusa Tenggara ។
ទីភ្នាក់ងារព័ត៌មានរដ្ឋ Antara រាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Prabowo Subianto បានបញ្ជាក់ក្រុមជំនួយការរបស់លោកឲ្យពន្លឿនការដោះស្រាយផលប៉ះពាល់ដោយសារទឹកជំនន់ស្លាប់មនុស្សនេះ ក៏ដូចជាកំណត់ទីតាំងមនុស្សបាត់ខ្លួន និងចែកចាយតម្រូវការមូលដ្ឋានទៅកាន់ពលរដ្ឋជម្លៀសខ្លួន ។

លោក Abdul Muhari គឺជាអ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិឥណ្ឌូនេស៊ី(BNPB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ភក់ ថ្ម និងដើមឈើធ្លាក់លើជើងភ្នំ ហើយទន្លេទឹកឡើង បានជន់លិចសង្កាត់យ៉ាងហោច ១២០កន្លែង បណ្តាលឲ្យមានបំណាក់ដីរាប់សិបកន្លែងនៅតាមទីតាំងជាច្រើន ។
លោកនិយាយថា ក្រុមជួយសង្រ្គោះ បានរកឃើញសាកសពមនុស្ស ៧នាក់បន្ថែមទៀត ពេលដែលទឹកជំនន់ស្រកទៅវិញនៅកោះបាលី ធ្វើឲ្យចំនួនមនុស្សស្លាប់នៅលើកោះមួយនេះ កើនឡើងដល់ ១៦នាក់ ។ ក្រុមការងារជួយសង្រ្គោះ នៅបន្តរុករកមនុស្សបាត់ខ្លួន ។
ការដាក់រដ្ឋក្នុងគ្រាអាសន្នរយៈពេល ១សប្តាហ៍ ត្រូវបានប្រកាស ដើម្បីចល័តធនធានបន្ថែមទៀត ។ ស្របពេលដែលកម្រិតទឹកវិលត្រឡប់ទៅកាន់សភាពធម្មតាវិញកាលពីថ្ងៃព្រហស្បតិ៍ ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុង Denpasar ដែលជារដ្ឋធានីនៅលើកោះបាលី បានចាកចេញពីជំរំសង្រ្គោះបន្ទាន់ ។
ក្រុមអាជ្ញាធរ បានចាប់ផ្តើមបោសសម្អាតភក់ និងគំនរសំរាមចេញពីផ្លូវ ខណៈចរន្តអគ្គិសនី ត្រូវបានស្តាឡើងវិញ ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ ក៏ដូចជាអគារធុរកិច្ច ៕