ភ្នំពេញ ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានបង្ហាញពីភាពធន់ និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា។ ការថ្លែងនេះ ធ្វើឡើង នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ ក្នុងឱកាស លោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើក "វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២" ក្រោមមូលបទ "កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល"។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានបង្ហាញពីភាពធន់ និងភាពប៉ិនប្រសប់របស់ប្រជាជនកម្ពុជា ដោយតាមការព្យាករណ៍នៅចុងឆ្នាំនេះ ចំណូលពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិករំពឹងថានឹងឈានដល់ ១,១ ពាន់លានដុល្លារសហរដ្ឋអាមេរិក និងនៅឆ្នាំ២០២៩ នឹងឈានដល់ ១,៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក។
លោកជំទាវរដ្ឋមន្ត្រី មានបន្តថា ក្រសួងពាណិជ្ជកម្ម បាន និងកំពុងរៀបចំ “សេចក្តីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មឌីជីថល” ដែលនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដោយយុទ្ធសាស្រ្តនេះ មានគោលបំណងសំខាន់បង្កើតនូវបរិយាកាសពាណិជ្ជកម្មឌីជីថលប្រកបដោយភាពប្រកួតប្រជែងខ្ពស់ និងជំរុញសមាហរណកម្មអន្តរជាតិ តាមរយៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលរឹងមាំ យន្ដការឆ្លងកាត់ព្រំដែនប្រកបដោយប្រសិទ្ធផល និងប្រព័ន្ធអេកូឡូស៊ីទុកចិត្តមួយ ដែលផ្ដល់ឱកាសឱ្យពាណិជ្ជករ ធុរជន និងអ្នកប្រើប្រាស់ ទទួលបានកាលានុវត្តភាពឌីជីថលក្នុងការជំរុញនវានុវត្តន៍ លើកកម្ពស់ភាពប្រកួតប្រជែង និងសមាហរណកម្មក្នុងសេដ្ឋកិច្ចឌីជីថលថ្នាក់តំបន់ និងសកល។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេចក្នុងការសហការ និងរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការពង្រឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើវេទិកាអនឡាញ និងឈានទៅដល់ការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រការច្នៃប្រឌិត ជំរុញការប្រកួតប្រជែង និងធានាថាអត្ថប្រយោជន៍នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានទទួលដោយប្រជាជនកម្ពុជាទាំងអស់។
គួរបញ្ជាក់ថា កម្មវិធីក៏មានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំនៃក្រសួងពាណិជ្ជកម្ម ឯកឧត្តម Dominic William ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអង្គទូតប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប៕













