ភ្នំពេញ ៖ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានផ្ដល់អនុសាសន៍ ៧ចំណុច លើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើង នាព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលបុរីកោះពេជ្រ ក្នុងឱកាស លោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីបើក "វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២" ក្រោមមូលបទ "កសាងអនាគតកម្ពុជា តាមរយៈពាណិជ្ជកម្មឌីជីថល"។
ដើម្បីជាការសម្លឹងទៅអនាគត ក្នុងការចូលរួមលើកកម្ពស់វិស័យពាណិជ្ជកម្មឌីជីថលនៅកម្ពុជា លោកជំទាវរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះមួយចំនួន រួមមាន៖
១. បន្តចូលរួមជំរុញការអនុវត្តក្របខ័ណ្ឌគោលនយោបាយ និងលិខិតបទដ្ឋានគតិយុត្តឱ្យមានប្រសិទ្ធភាព ដែលជាមូលដ្ឋានគ្រឹះនៃប្រព័ន្ធអេកូឡូស៊ីរបស់ពាណិជ្ជកម្មឌីជីថល
២. បន្ដយកចិត្តទុកដាក់លើការរៀបចំនូវគោលនយោបាយ និងយុទ្ធសាស្ដ្រ ទាក់ទងនឹងពាណិជ្ជកម្មឌីជីថល ឱ្យស្របទៅនឹងសភាពការណ៍ពិភពលោក ជាពិសេសការរីកលូតលាស់យ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI)
៣. ទាញយកអត្ថប្រយោជន៍ពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដោយរៀបចំផែនសកម្មភាព និងកម្មវិធីការងារសម្រាប់ការអនុវត្ត និងទាញយកអត្ថប្រយោជន៍ជាអតិបរមា ពីក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ជាពិសេសក្របខ័ណ្ឌកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ដែលជំរុញឱ្យការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងខ្សែច្រវាក់តម្លៃឌីជីថលក្នុងតំបន់ និងសកលកាន់តែស៊ីជម្រៅ
៤. បន្តជំរុញនិងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ (ICT) ដោយពង្រីកលទ្ធភាពតភា្ជប់ និងប្រើប្រាស់បណ្ដាញអ៊ីនធឺណិត និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ ជាពិសេសសម្រាប់តំបន់ជនបទ និងតំបន់ដាច់ស្រយាល
៥. ធ្វើទំនើបកម្មភស្តុភារកម្មឆ្លងព្រំដែន ដោយផ្តល់អាទិភាពដល់ការធ្វើឌីជីថលនីយកម្មនៃហេដ្ឋារចនាសម្ព័ន្ធភស្តុភារកម្ម។ ដំណើរការពាណិជ្ជកម្មដោយមិនប្រើក្រដាស និងកាន់តែឆ្លាតវៃ នឹងធ្វើឱ្យកម្ពុជាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មក្នុងតំបន់ប្រកបដោយប្រសិទ្ធផល និងគួរឱ្យទុកចិត្ត។
៦. លើកកម្ពស់ ឬផ្តល់សិទ្ធិដល់សហគ្រាសធុនតូច និងមធ្យម សម្រាប់ពាណិជ្ជកម្មឌីជីថល ដោយផ្តោតលើការកសាងសមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យម ជាអាទិ៍ នៅតាមតំបន់ជនបទ ដោយរួមបញ្ចូលទាំងការផ្តល់ការបណ្តុះបណ្តាល និងឧបករណ៍ឌីជីថលដល់ក្រុមគោលដៅ ដើម្បីជួយពួកគេផ្លាស់ប្តូរពីពាណិជ្ជកម្មឌីជីថលក្រៅផ្លូវការមកជាពាណិជ្ជកម្មឌីជីថលផ្លូវការវិញ និង
៧. ជំរុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យាដ៏រស់រវើក ដោយបង្កើតបរិយាកាសគាំទ្រសម្រាប់ធុរកិច្ចបច្ចេកវិទ្យាថ្មី តាមរយៈការផ្តល់ជូននូវក្របខណ្ឌអាជ្ញាបណ្ណនិងការចុះបញ្ជីច្បាស់លាស់។
លោកជំទាវរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម បានត្រៀមខ្លួនជាស្រេចក្នុងការសហការ និងរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗ ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការលើកកម្ពស់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែន និងការពង្រឹងទំនុកចិត្តរបស់អ្នកប្រើប្រាស់លើវេទិកាអនឡាញ និងឈានទៅដល់ការកសាងប្រព័ន្ធអេកូឡូស៊ីដែលគាំទ្រការច្នៃប្រឌិត ជំរុញការប្រកួតប្រជែង និងធានាថាអត្ថប្រយោជន៍នៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានទទួលដោយប្រជាជនកម្ពុជាទាំងអស់។
គួរបញ្ជាក់ថា វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី២ ឆ្នាំ២០២៥ ដែលជាគំនិតផ្តួចផ្តើម និងរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីទិដ្ឋភាពពាណិជ្ជកម្មឌីជីថល ក្របខណ្ឌគោលនយោបាយ និងធ្វើការផ្សព្វផ្សាយជំរុញការនាំចេញផលិតផលក្នុងស្រុក ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិ តាមរយៈថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកក្នុងស្រុក និងអន្តរជាតិនានា ជាពិសេសថ្នាលខេមបូឌាត្រេដ (CambodiaTrade.com)៕



