ប្រទេសអ៊ីតាលីបានប្រាប់អ៊ីស្រាអែលឲ្យគោរពសិទ្ធិរបស់ជនជាតិអ៊ីតាលី ខណៈដែលពួកគេបានចូលរួមជាមួយក្រុមសកម្មជននៃកងនាវាផ្ដល់ជំនួយ ដែលកំពុងប្រឹងប្រែងបំបែកការបិទខ្ទប់របស់អ៊ីស្រាអែល ចំពោះតំបន់ហ្កាហ្សា បន្ទាប់ពីទូកចុងក្រោយត្រូវបានវាយប្រហារដោយឧបករណ៍បង្កចំហេះ នៅដែនទឹកទុយនីស៊ី។
កាលពីថ្ងៃព្រហស្បតិ៍ (ទី១១ ខែកញ្ញា) រដ្ឋមន្ត្រីការបរទេស លោក Antonio Tajani បានប្រាប់សភាថា ប្រទេសអ៊ីតាលីនឹងតាមដានកងនាវាជំនួយនេះ ហើយផ្តល់ការគាំទ្រផ្នែកកុងស៊ុល និងការទូតដល់ជនជាតិអ៊ីតាលី ៥៨នាក់ដែលកំពុងចូលរួមយុទ្ធនាការនេះ ក្នុងនោះមានរួមទាំងសមាជិកសភាមួយចំនួនផងដែរ។
លោក Tajani បាននិយាយថា៖ «ស្ថានទូតរបស់យើង នៅទីក្រុង Tel Aviv ក្រោមការណែនាំរបស់ខ្ញុំ បានពិភាក្សាជាមួយអាជ្ញាធរអ៊ីស្រាអែល អំពីការគោរពសិទ្ធិ ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលជាផ្នែកមួយនៃក្រុមនាវាជំនួយ Flotilla ក្នុងនោះរួមមានទាំងសមាជិកសភាមួយចំនួនស្ថិតក្នុងចំណោមពួកគេផងដែរ។ ខ្ញុំក៏បានទូរសព្ទទៅរដ្ឋមន្ត្រីការបរទេស លោក (Gideon) Saar ដើម្បីឲ្យលោកដឹងពីបញ្ហានេះដោយផ្ទាល់ផងដែរ»។
លោកបាននិយាយប៉ុន្មានម៉ោងមុនពេលទូកផ្សេងទៀតដែលចូលរួមក្នុងក្រុមនាវាផ្ដល់ជំនួយ Flotilla នឹងត្រូវចេញដំណើរពីទីក្រុង Siracusa កោះ Sicily។
គួរបញ្ជាក់ថា ក្រុមផ្ដល់ជំនួយតាមនាវា Global Sumud Flotilla បានឲ្យដឹងកាលពីថ្ងៃពុធថា ក្រុមរបស់ខ្លួន ត្រូវបានវាយប្រហារដោយឧបករណ៍បង្កចំហេះ ដែលជាយប់ទី២ ជាប់ៗគ្នា នៅពេលដែលយានដ្រូនបានកំណត់គោលដៅលើទូកមួយគ្រឿងដែលចូលចតនៅក្នុងដែនទឹកទុយនីស៊ី៕