កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សហរដ្ឋអាមេរិក និងជប៉ុន បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នារយៈពេល ២សប្តាហ៍ដែលនឹងត្រូវដាក់ពង្រាយប្រព័ន្ធមីស៊ីលមានសមត្ថភាពវាយប្រហារចិនដីគោក គឺជាសកម្មភាពមួយដែលទីក្រុងប៉េកាំង បានធ្វើការថ្កោលទោសរួចទៅហើយថា ជាការគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាពក្នុងតំបន់ ។
សមយុទ្ធយោធា Resolute Dragon ចាប់ផ្តើមរយៈពេលតិចជាង ៤៨ម៉ោងប៉ុណ្ណោះ ក្រោយរដ្ឋមន្រ្តីការពារជាតិសហរដ្ឋអាមេរិកលោក Pete Hegseth បាននិយាយជាមួយសមភាគីចិនគឺលោករដ្ឋមន្រ្តីការពារជាតិ Dong Jun តាមទូរស័ព្ទជាវីដេអូ នៅក្នុងការជជែកគ្នាត្រូវបានគេដឹងលើកដំបូងរបស់ពួកគេ ដែលមន្ទីរបច្ចកោណរៀបរាប់ថា មានលក្ខណៈស្ថាបនា និងស្មោះត្រង់ ។
សមយុទ្ធយោធាសហរដ្ឋអាមេរិក-ជប៉ុននេះដែរ បានកើតមានឡើងរយៈពេលជាង ១សប្តាហ៍ប៉ុណ្ណោះ ក្រោយពិធីដង្ហែរក្បួនព្យុហយាត្រាយោធាទ្រង់ទ្រាយធំរបស់ចិន នៅទីក្រុងប៉េកាំង អំឡុងពេលដែលកងទ័ពរំដោះប្រជាមានិតចិន បង្ហាញប្រព័ន្ធមីស៊ីលថ្មីបំផុតចុងក្រោយរបស់ខ្លួន ខណៈដែលលោកប្រធានាធិបតី Xi Jinping ទស្សនាជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ។
យោងតាមការចេញព័ត៌មានរបស់កងម៉ារីនសហរដ្ឋអាមេរិក បានឲ្យដឹងថា សមយុទ្ធយោធារួមគ្នានេះ នឹងឃើញមានមីស៊ីល NMESIS និងមីស៊ីល Typhon របស់សហរដ្ឋអាមេរិក ក៏ដូចជាមីស៊ីលបាញ់ចេញពីលើដីគោក Type 12 របស់ជប៉ុន ៕