ក្រសួងការពារជាតិដាណឺម៉ាក បានឲ្យដឹងនៅថ្ងៃសុក្រ (ទី១២ ខែកញ្ញា) នេះថា ប្រទេសដាណឺម៉ាកនឹងវិនិយោគប្រមាណ ៥៨ពាន់លានក្រូណា (៩,១ពាន់លានដុល្លារ) លើប្រព័ន្ធការពារដែនអាកាស និងមីស៊ីលដែលផលិតនៅអឺរ៉ុប ដោយបានបញ្ជាក់ថា ខ្លួនដកស្រង់មេរៀនពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។
ការពង្រឹងកម្លាំងយោធាឡើងវិញ បានក្លាយជាអាទិភាពរបស់រដ្ឋាភិបាល ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីនៃកណបក្សប្រជាធិបតេយ្យសង្គម លោកស្រី Mette Frederiksen បន្ទាប់ពីមានការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
រដ្ឋមន្ត្រីការពារជាតិ លោក Troels Lund Poulsen បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ស្ថានភាពគោលនយោបាយសន្តិសុខបច្ចុប្បន្ន មានន័យថា ការការពារដែនអាកាសប្រតិបត្តិការនៅលើដី គឺជាអាទិភាពធំជាងគេទាំងស្រុង ក្នុងការអភិវឌ្ឍកងកម្លាំងប្រដាប់អាវុធ»។
រដ្ឋមន្ត្រីរូបនេះបានបន្ថែមថា៖ «ការរៀនសូត្រពីបទពិសោធន៍ នៅអ៊ុយក្រែន បង្ហាញថា ការការពារដែនអាកាសមានមូលដ្ឋាននៅលើដី ដើរតួនាទីយ៉ាងសំខាន់ការពារប្រជាជនស៊ីវិល ក្នុងចំណោមគ្រឿងយុទ្ធោបករណ៍ដទៃទៀត ក្នុងការប្រឆាំងនឹងការវាយប្រហារតាមអាកាសរបស់រុស្ស៊ី»
ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធ SAMP/T ផលិតដោយក្រុមហ៊ុនរបស់បារាំង-អ៊ីតាលី នឹងត្រូវបានផ្គត់ផ្គង់ ដើម្បីគ្របដណ្តប់តម្រូវការការពាររយៈចម្ងាយឆ្ងាយ។ សម្រាប់តម្រូវការរយៈចម្ងាយមធ្យម ជម្រើសមួយ នឹងត្រូវបានធ្វើឡើង រវាង «ប្រព័ន្ធមួយ ឬច្រើន» នៃប្រព័ន្ធ NASAMS របស់ន័រវែស IRIS-T របស់អាល្លឺម៉ង់ និង VL MICA របស់បារាំង៕