ប្រទេសរុស្ស៊ី នៅថ្ងៃសុក្រ (ទី១២ ខែកញ្ញា) នេះ បានថ្កោលទោសផែនការរបស់ប្រទេសដាណឺម៉ាក ក្នុងការព្រមផ្ដល់ទីតាំងបង្កើតរោងចក្រផលិតរបស់អ៊ុយក្រែន សម្រាប់ឥន្ធនៈមីស៊ីលរយៈចម្ងាយឆ្ងាយ ដោយបញ្ជាក់ថា ចំណាត់ការនេះនឹងបង្កើនហានិភ័យនៃការកើនឡើងនូវភាពតានតឹង និងនាំទៅដល់ការបង្ហូរឈាមកាន់តែខ្លាំងឡើងៗ នៅអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន រដ្ឋាភិបាលដាណឺម៉ាកបានប្រកាសផែនការឲ្យមានរោងចក្រនេះ ដែលជាការពង្រីកជាលើកដំបូងទៅក្រៅប្រទេសរបស់ក្រុមហ៊ុនការពារជាតិអ៊ុយក្រែន។
ក្រុមហ៊ុនអ៊ុយក្រែន គឺ Fire Point ជាក្រុមហ៊ុនផលិតមីស៊ីល Flamingo ដែលលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskiy បានពណ៌នាថា ជាអាវុធដ៏ជោគជ័យបំផុតរបស់ប្រទេសលោក។ រោងចក្រផលិតរបស់ក្រុមហ៊ុននេះ នឹងមានទីតាំងនៅជិតមូលដ្ឋានទ័ពអាកាស Skydstrup របស់ដាណឺម៉ាក ដែលជាទីតាំងចតកងយន្តហោះចម្បាំង F-16 របស់ប្រទេសអឺរ៉ុបខាងជើងមួយនេះ។
លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានប្រាប់សន្និសីទសារព័ត៌មានថា ចំណាត់ការនេះ បានបញ្ជាក់ពីការមានគោលនយោបាយអរិភាពរបស់ដាណឺម៉ាក ចំពោះទីក្រុងមូស្គូ។
លោក Zakharova បានបញ្ជាក់ថា៖ «ចំណាត់ការដ៏ប្រថុយប្រថាននេះ បញ្ជាក់ពីទិសដៅយោធាបង្កអរិភាពរបស់ទីក្រុង Copenhagen ក្នុងគោលបំណងធ្វើឲ្យខូចដល់កិច្ចប្រឹងប្រែង ដើម្បីដោះស្រាយវិបត្តិ នៅអ៊ុយក្រែន តាមរយៈមធ្យោបាយនយោបាយ និងការទូត។ វាបង្កជាហានិភ័យនៃការកើនឡើងនូវភាពតានតឹងបន្ថែមទៀត និងបង្ហាញពីបំណងប្រាថ្នារបស់ដាណឺម៉ាក ក្នុងការទាញយកផលចំណេញពីការបន្តការបង្ហូរឈាម នៅអ៊ុយក្រែន»៕