វិមានក្រឹមឡាំងនិយាយនៅថ្ងៃសុក្រនេះថា មាននូវការផ្អាកនៅក្នុងកិច្ចចរចាស្វែងរកសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយនិងបានចោទប្រកាន់បណ្តាប្រទេសអឺរ៉ុបថា ជាអ្នករារាំងដំណើរការមួយនេះដែលហើយទីក្រុងម៉ូស្គូ នៅតែបើកទូលាយ ។
អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov និយាយថា បណ្តាញទំនាក់ទំនងនៅនឹងកន្លែង ហើយនៅដំណើរការ ។ ក្រុមចរចារបស់ពួកយើង មានឱកាសទាក់ទងគ្នាតាមរយៈបណ្តាញទាំងអស់នេះ ប៉ុន្តែបច្ចុប្បន្ន វាប្រហែលត្រឹមត្រូវជាងកាលដែលនិយាយថា មាននូវការផ្អាកទៅហើយ ។
លោកថា ភាគីរុស្ស៊ីនៅតែត្រៀមខ្លួនរួចរាល់ក្នុងការតាមរកមាគ៌ាឆ្ពោះទៅរកការសន្ទនាដោយសន្តិវិធី ប៉ុន្តែការពិតនោះគឺថា អឺរ៉ុបកំពុងរារាំងវា គឺជារឿងពិតប្រាកដមិនអាចប្រកែកបាន ។
លោក Peskov បញ្ជាក់ថា ជាការពិតណាស់ថា អ្នកមិនអាចមានសុទិដ្ឋិនិយមដោយគ្មានមូលដ្ឋានត្រឹមត្រូវនោះទេ ហើយរំពឹថា ដំណើរការចរចានឹងផ្តល់លទ្ធផលលឿនដូចផ្លេកបន្ទោរនោះ ។ លោកចង់រំឭកដល់អ្នករាល់គ្នាផងដែរពីពាក្យសម្តីរបស់លោកប្រធានាធិបតី Trumpដែលបាននិយាយតាំងពីដំបូងថា លោកគិតថា វាអាចទៅរួចក្នុងការដោះស្រាយអ្វីៗក្នុងរយៈពេលមួយភ្លែត ប៉ុន្តែក្រោយមកទើបលោកយល់ថា ពេលវេលាបន្ថែមទៀតត្រូវការសម្រាប់ដោះស្រាយបញ្ហា ។
លោក Peskov និយាយទៀតថា ភាគីរុស្ស៊ីនៅតែរក្សាការត្រៀមខ្លួនបន្តដើរតាមមាគ៌ាឆ្ពោះទៅរកកិច្ចសន្ទនាដោយសន្តិវិធី និងស្វែងរកច្រកដោះស្រាយស្ថានភាព ប៉ុន្តែការពិតមិនអាចប្រកែកបានគឺថា អឺរ៉ុបកំពុងព្យាយាមរារាំងវា គេមិនអាចលាក់បាំងនរណាម្នាក់បាននោះទេ ៕