នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ Fox News លោកប្រធានាធិបតី Donald Trump បាននិយាយថា ជនសង្ស័យម្នាក់កំពុងស្ថិតនៅក្នុងការឃុំខ្លួន ពាក់ព័ន្ធនឹងករណីឃាតកម្មលើលោក Charlie Kirk។
អំឡុងពេលបង្ហាញខ្លួនជាមួយទូរទស្សន៍ Fox News លោក Trump បានបញ្ជាក់ថា៖ «ខ្ញុំគិតថា មានភាពប្រាកដប្រជាខ្ពស់ណាស់ ដែលយើងបានឃុំខ្លួនជននោះ»។
លោកប្រធានាធិបតី Trump បានបន្ថែមថា មានមនុស្សម្នាក់ «ស្និទ្ធនឹងរូបគេ ហើយផ្ដល់ព័ត៌មានពីរូបគេទៅកាន់អាជ្ញាធរ ដោយលោកប្រាប់ទៀតថា នឹងមានការប្រកាសនៅយប់ថ្ងៃសុក្រ (ទី១២ ខែកញ្ញា) នេះ។
ជាមួយគ្នានេះ បន្ថែមពីលើការអះអាងរបស់លោក Trump ប្រភពចំនួន ៤ ដែលដឹងពីបញ្ហានេះ បានបង្ហើបថា ពិតជាមានការឃុំខ្លួនមនុស្សម្នាក់មែន ហើយជននោះកំពុងត្រូវបានសួរនាំ ពាក់ព័ន្ធនឹងការបាញ់មនុស្សសម្លាប់។ ប្រភពដដែលទាំងនោះ បានបញ្ជាក់បន្ថែមថា ជនសង្ស័យកំពុងត្រូវបានសួរនាំកាលពីព្រឹកថ្ងៃសុក្រនេះ។
គួរបញ្ជាក់ថា ព័ត៌មាននៃការចាប់ឃុំខ្លួននេះ កើតឡើងបន្ទាប់ពីមានប្រតិបត្តិការស្វែងជនសង្ស័យ ដែលអាជ្ញាធរបានសួរនាំ និងដោះលែងមនុស្ស ២នាក់ កាលពីថ្ងៃពុធ ពាក់ព័ន្ធនឹងឃាតកម្មនេះ។ បន្ទាប់មក ការតាមប្រមាញ់បានបន្តធ្វើ ហើយ FBI (ការិយាល័យស៊ើបអង្កេតសហព័ន្ធ) បានបញ្ចេញរូបភាពនៃបុគ្គលដែលត្រូវបានសង្ស័យ ពាក់ព័ន្ធនឹងហេតុការណ៍បាញ់សម្លាប់ ដោយសុំឲ្យសាធារណជនប្រាប់នូវតម្រុយ ដើម្បីជួយស្វែងរកជននោះ។
យោងតាមនាយកដ្ឋានសុវត្ថិភាពសាធារណៈរដ្ឋ Utah ដែលដឹកនាំការស៊ើបអង្កេតរួមជាមួយ FBI បានឲ្យដឹងថា ខ្មាន់កាំភ្លើងត្រូវបានគេជឿថា បានបាញ់ ១គ្រាប់ពីលើដំបូលនៅក្បែរនោះ ដែលជា «ការវាយប្រហារកំណត់គោលដៅ»៕