ជនប៉ាឡេស្ទីននាំគ្នាជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឆ្លងកាត់ភាគកណ្តាលតំបន់ហ្កាហ្សាស្រ្ទីប ក្រោយអ៊ីស្រាអែលបញ្ជាទាំងបង្ខំឲ្យអ្នកស្រុកជម្លៀសខ្លួនទៅកាន់តំបន់ភាគខាងត្បូង ។
ជនប៉ាឡេស្ទីនកាន់អ៊ីវ៉ាន់របស់ពួកគេនៅលើរថយន្ត រទេះសេះ ហើយសូម្បីតែធ្វើដំណើរដោយថ្មើរជើង ។
លោក Abu Tarek Habboub គឺជាជនប៉ាឡេស្ទីនជម្លៀសខ្លួនមួយរូប និយាយថា ពួកយើងមិនដឹងថាតើកន្លែងណាគួរត្រូវទៅនោះទេ ពួកយើងគ្មានពួក ឬភួយ ពួកយើងគ្មានប្រាក់ ឬអ្វីៗទាំងអស់ ។
បុរសវ័យ ៦៦ឆ្នាំរូបនេះ និយាយទៀតថា លោកសូមស្បថថា លោកមិនដឹងថាតើគួរទៅទីណានោះទេ តើពួកយើងទៅស្លាប់មែនឬ? នេះប្រហែលជាល្អជាងពួកយើងរស់នៅទីនេះហើយ ។
អ៊ីស្រាអែល បានបញ្ជាឲ្យមនុស្សរាប់ម៉ឺននាក់រស់នៅក្នុងទីក្រុងហ្កាហ្សាចាកចេញ ពេលដែលពួកគេបង្កើនការវាយលុកពេញបន្ទុករបស់ពួកគេ លើក្រុមជីវពលហាម៉ាស ប៉ុន្តែដោយសារសុវត្ថិតិចតួច គ្មានទីកន្លែងត្រូវទៅ និងគ្មានអាហារនៅកន្លែងផ្សេងទៀតនៅក្នុងតំបន់ហ្កាហ្សា ពលរដ្ឋមួយចំនួន ប្រឈមនឹងការសម្រេចចិត្តដ៏លំបាកបំផុត ។
នៅក្នុងរយៈពេល ១សប្តាហ៍កន្លងមកនេះ កងកម្លាំងអ៊ីស្រាអែល បានបើកការវាយប្រហារសង្កាត់ជាច្រើននៅភាគខាងកើតទីក្រុងហ្កាហ្សា រួមទាំងសង្កាត់ Shejaia, Zeitoun និងសង្កាត់ Tuffah ហើយនិងបានបញ្ជូនរថក្រោះចូលទៅក្នុងសង្កាត់ Radwan ។ ពួកគេបាននិយាយកាលពីថ្ងៃប្រហស្បតិ៍សប្តាហ៍មុនថា ពួកគេគ្រប់គ្រងទីក្រុងមួយនេះ បានចំនួន ៤០ភាគរយរួចហើយ ។
កាលពីថ្ងៃពុធ យោធាអ៊ីស្រាអែល និយាយថា ពួកគេបានវាយប្រហារគោលដៅចំនួន ៣៦០នៅក្នុងតំបន់ហ្កាហ្សា ដែលគោលដៅទាំងអស់នោះរួមមាន ហេដ្ឋារចនាសម្ព័ន្ធក្រុមភេរវករ កាមេរ៉ា បន្ទប់ប្រតិបត្តិការស៊ើបការណ៍ ទីតាំងបាញ់កាំភ្លើងស៊ីប ទីតាំងបាញ់មីស៊ីលប្រឆាំងរថក្រោះ និងទីបញ្ជាការក្រុមជីវពល ។
ពួកគេបន្តថា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ពួកគេនឹងបង្កើនការវាយប្រហារដោយផ្តោតសំខាន់លើហេដ្ឋរចនាសម្ព័ន្ធក្រុមហាម៉ាស បង្អាក់ការត្រៀមខ្លួនចុះប្រតិបត្តិការរបស់ក្រុមជីវពល និងកាត់បន្ថយការគំរាមកំហែងដល់កម្លាំងរបស់ពួកគេ ជាការត្រៀមសម្រាប់ដំណាក់កាលបន្ទាប់នៃប្រតិបត្តិការសឹករបស់ពួកគេ ៕