រយៈពេលនៃគម្រោងមួយក្នុងចំណោមគម្រោងប្រេងឥន្ធនៈហ្វូស៊ីលធំបំផុតរបស់អូស្រ្តាលី ត្រូវបានបន្តជាផ្លូវការរយៈពេល ៤ទសវត្សរ៍ទៀត រហូតដល់ឆ្នាំ ២០៧០ ។
ការបន្តរយៈពេលសម្រាប់គម្រោងឧស្ម័ន North West Shelf បានកើតមានឡើង មុនពេលរដ្ឋាភិបាលសហព័ន្ធអូស្ត្រាលី ត្រូវបានគេរំពឹងថា នឹងប្រកាសគោលដៅកាត់បន្ថយការបំភាយឧស្ម័នរបស់ខ្លួនសម្រាប់ឆ្នាំ ២០៣៥ ។
ក្នុងនាមជាប្រទេសកាត់បន្ថយការបំពុលបរិយាកាសធំបំផុតរបស់ពិភពលោក អូស្រ្តាលី បានសន្យាកាត់បន្ថយការបំភាយឧស្ម័នចំនួន ៤៣ភាគរយនៅឆ្នាំ ២០៣០ ប៉ុន្តែពួកគេត្រូវបានគេរិះគន់ផងដែរ សម្រាប់ការបន្តពឹងផ្អែកខ្លាំងលើប្រេងឥន្ធនៈហ្វូស៊ីល ។
ក្រុមអ្នករិះគន់និយាយថា ការបន្តប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល នឹងធ្វើឲ្យប៉ះពាល់ដល់គោលបំណងអាកាសធាតុសកល ប៉ុន្តែរដ្ឋមន្រ្តីបរិស្ថានអូស្រ្តាលីលោក Murray Watt និយាយថា វារួមបញ្ចូលទាំងលក្ខខណ្ឌរឹតត្បិតថ្មីរាប់សិបវិធានការ ក្នុងនោះក្រុមហ៊ុនថាមពលខ្នាតយក្ស Woodside Energy ត្រូវតែកាត់បន្ថយការបំភាយឧស្ម័នពីគម្រោងរបស់ខ្លួននៅឆ្នាំ ២០៣០ ហើយនិងឈានដល់គោលដៅកម្រិតសូន្យនៅឆ្នាំ ២០៥០ ។
លោកបន្តថា មាននូវការការពារថ្មីផងដែរនៅហ្នឹងកន្លែង ដើម្បីការពារតំបន់បេតិកភណ្ឌពិភពលោកដែលជាតំបន់សិល្បះថ្មជនជាតិភាគតិចបុរាណនៅ Pilbara ស្ថិតក្នុងរដ្ឋ Western Australia ។
លោក Liz Westcott គឺជាប្រធានប្រតិបត្តិក្រុមហ៊ុន Woodside Energy បានស្វាគមន៍ការបន្ត ពេលនេះ ដោយលោកនិយាយថា ក្រុមហ៊ុននឹងផ្តល់ជូនថាមពលដែលអាចទុកចិត្តបាន សម្រាប់រយៈពេល ៤០ឆ្នាំទៀត ។
សូមបញ្ជាក់ថា អាជ្ញាប័ណ្ណរបស់ក្រុមហ៊ុន Woodside Energy សម្រាប់គម្រោង North West Shelf គ្រោងនឹងផុតកំណត់នៅឆ្នាំ ២០៣០ ប៉ុន្តែការបន្តពេលនេះ ត្រូវបានយល់ព្រមដំបូងកាលពីខែឧសភាកន្លងទៅ ៕