អាជ្ញាធរបាននិយាយកាលពីថ្ងៃសុក្រ ទី១២ ខែកញ្ញា ថា បុរសនៅរដ្ឋ Utah អាយុ២២ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួន និងចោទប្រកាន់ពីបទឃាតកម្មក្នុងការសម្លាប់ លោក Charlie Kirk បានជំទាស់យ៉ាងខ្លាំងចំពោះទស្សនៈញុះញង់របស់សកម្មជនអភិរក្សនិយម ហើយបាននិយាយទៅកាន់សមាជិកគ្រួសារថាខ្លួនជាអ្នកទទួលខុសត្រូវចំពោះការបាញ់ប្រហារនេះ។ ការចាប់ខ្លួន លោក Tyler Robinson បានបង្ហាញពីការបំបែករឿងក្តីដ៏សំខាន់មួយដែលធ្វើឱ្យប្រទេសនេះមានការភ្ញាក់ផ្អើល និងបានបង្កើនការព្រមានជាថ្មីអំពីអំពើហិង្សាផ្នែកនយោបាយនៅក្នុងសហរដ្ឋអាមេរិក។ អភិបាលរដ្ឋ Utah លោក Spencer Cox បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយបន្ទាប់ពីការតាមប្រមាញ់រយៈពេល៣៣ម៉ោងថា «យើងបានចាប់ខ្លួនអ្នកប្រព្រឹត្តហើយ»។ លោក Cox និយាយថា ក្នុងអំឡុងពេលអាហារពេលល្ងាចជាមួយក្រុមគ្រួសារ Robinson និយាយថា លោក Kirk នឹងធ្វើដំណើរទៅកាន់រដ្ឋ Utah។ អភិបាលរដ្ឋគណបក្សសាធារណរដ្ឋ បានសរសើរដល់ក្រុមគ្រួសារ Robinson ចំពោះការជួយជំរុញឲ្យជននេះប្រគល់ខ្លួនទៅឲ្យអាជ្ញាធរ។ ឪពុករបស់ Robinson បានកត់សំគាល់កូនរបស់ខ្លួនតាមរយៈរូបថតដែលចេញផ្សាយដោយ FBI ហើយបានប្រាប់ Robinson ឱ្យប្រគល់ខ្លួន។ ដំបូងឡើយ Robinson បានបដិសេធ ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរគំនិត នេះបើយោងតាមមន្ត្រីអនុវត្តច្បាប់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះខណៈការស៊ើបអង្កេតកំពុងនៅបន្ត។ យោងតាមសារព័ត៌មាន CNN ដោយដកស្រង់សម្តីមន្ត្រីអនុវត្តច្បាប់ដែលបានរៀបរាប់អំពីការស៊ើបអង្កេតនោះ ឪពុករបស់ Robinson បានជំរុញឱ្យកូនប្រុសរបស់គាត់ប្រគល់ខ្លួនក្រោយពីជននេះបាននិយាយប្រាប់ ហើយជនសង្ស័យបានឆ្លើយតបថា «ខ្ញុំសុខចិត្តសម្លាប់ខ្លួនជាជាងប្រគល់ខ្លួន»។ លោក Cox បាននិយាយថា Robinson ត្រូវបានគេជឿថាបានធ្វើសកម្មភាពនេះតែម្នាក់ឯង ហើយការស៊ើបអង្កេតកំពុងបន្ត។ ជននេះត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទឃាតកម្ម ប្រើប្រាស់អាវុធ និងបទល្មើសរារាំង។

