ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានជំរុញឱ្យថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលទើបត្រូវបានតែងតាំងថ្មី ឱ្យយកចិត្តទុកដាក់លើការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការបណ្ដុះបណ្ដាលបែបជាក់ស្ដែង ជាជាងមានតែទ្រឹស្ដី។
សម្ដេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះនៅក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំសាលាជាតិរដ្ឋបាលមូលដ្ឋាន ដែលស្ថិតនៅក្នុងខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះ។
សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា ការបង្កើតសាលាជាតិរដ្ឋបាលមូលដ្ឋាននេះ មិនមែនជារឿងចៃដន្យនោះទេ ដ្បិតក្រសួងមហាផ្ទៃបានយកចិត្តទុកចំពោះការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិលតាំងពីពេលបង្កើតក្រសួងមហាផ្ទៃនៅឆ្នាំ១៩៩៣មកម្ល៉េះ។
សម្ដេចបានបន្តថា សាលានេះ គឺជារបត់ថ្មីមួយទៀតសម្រាប់ក្រសួងមហាផ្ទៃ ដែលបង្កើតអង្គភាពថ្មីមួយមានថ្នាក់ស្មើអគ្គនាយកដ្ឋាន គឺសាលាជាតិរដ្ឋបាលមូលដ្ឋាន ដើម្បីទទួលខុសត្រូវការរៀបចំការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល នៅទីស្ដីការក្រសួងមហាផ្ទៃ និងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមទាំងការអភិវឌ្ឍសមត្ថភាពក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ប្រកបដោយប្រសិទ្ធភាព និងមាននិរន្តរភាព។
សម្ដេចក្រឡាហោមបន្ថែមថា សាលាត្រូវគិតគូឱ្យបានរួចរាល់ពីឥឡូវនេះទៅ ពាក់ព័ន្ធនឹងការផ្ដល់ការលើកទឹកចិត្តជូនសាស្ត្រាចារ្យ និងគ្រូបង្រៀន ដូចដែលបណ្ឌិត្យសភានគរបាលកម្ពុជាបានរៀបចំរួចរាល់ ពាក់ព័ន្ធនឹងការផ្ដល់តួនាទី និងកម្រិតថ្នាក់ជូនពួកគេ ដោយការរៀបចំការងារនេះបានល្អ នឹងអាចផ្ដល់ឱកាសឱ្យសាលាជាតិរដ្ឋបាលមូលដ្ឋាន មានទាំងនិរន្តរភាព ព្រមទាំងអាចប្រមូលបានអ្នកចេះដឹងមកចូលរួមបណ្ដុះបណ្ដាលមន្ត្រី ។
សាលាជាតិរដ្ឋបាលមូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចដំឡើងឋានៈឱ្យស្មើអគ្គនាយកដ្ឋានកាលពីឆ្នាំ២០២១ ដោយមាននាយកដ្ឋាន ៤ជាចំណុះ រួមមាននាយកដ្ឋានកិច្ចការទូទៅ នាយកដ្ឋានផែនការ និងកិច្ចសហប្រតិបត្តិការ នាយកដ្ឋានស្រាវជ្រាវ និងផ្សព្វផ្សាយ និងនាយកដ្ឋានបណ្ដុះបណ្ដាល។
សាលានេះ បានដាក់គម្រោងរៀបចំសាងសង់អគារសិក្សា និងអគារស្នាក់នៅសម្រាប់សិក្ខាកាម មានទីតាំងនៅភូមិត្រពាំងវែង សង្កាត់គោករការ ខណ្ឌពោធិ៍សែនជ័យ អាចនឹងបញ្ចប់នៅក្នុងរង្វង់ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយទីភ្នាក់សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA៕