ភ្នំពេញ៖ ប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំយ៉ាងទទួចជាថ្មីម្តងទៀតដល់គ្រប់ភាគីជម្លោះទាំងអស់នៅប្រទេសមីយ៉ាន់ម៉ា ឱ្យបញ្ឈប់អំពើហិង្សារបន្ទាន់ ហើយរក្សាភាពអត់ធ្មត់ជាអតិប្បរមា ខណៈសម្តេចមានការព្រួយបារម្ភចំពោះការបាញ់គ្នានៅប្រទេសនេះ ក្រោយដំណើរទស្សនកិច្ចរបស់សម្តេចកាលពីដើមខែមករាកន្លងទៅនោះ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំបែបនេះនៅក្នុងកិច្ចប្រជុំតាមរយៈវីដេអូពីចម្ងាយរវាងសម្តេច និងលោក មីន អោងឡាំង មេដឹកនាំយោធាមីយ៉ាន់ម៉ា នារសៀលថ្ងៃទី២៦ ខែមករានេះ។
ថ្លែងប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនោះ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន និងភាគីមីយ៉ាន់ម៉ា បានពិភាក្សាគ្នាជាច្រើន ដើម្បីផលប្រយោជន៍ និងសន្តិភាពនៅប្រទេសមីយ៉ាន់ម៉ា និងប្រជាជនមីយ៉ាន់ម៉ា។
ឯកឧត្តម កៅ គឹមហួន បានឱ្យដឹងទៀតថា នៅក្នុងកិច្ចសន្ទនានេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សាប្រដាប់អាវុធនៅប្រទេសនេះ ហើយស្នើដល់គ្រប់ភាគីទាំងអស់ ឱ្យមានភាពអត់ធ្មត់ និងទទួលយកនូវការចរចារគ្នាដោយសន្តិវិធី។
បើតាមឯកឧត្តម កៅ គឹមហួន សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងនូវសំណើមួយចំនួនទៀតដល់លោក មីន អោងឡាំង ផងដែរ ក្នុងនោះ សម្ដេចតេជោស្នើដល់លោក មីន អោងឡាំង ឲ្យខិតខំអនុវត្តនូវកិច្ចព្រមព្រៀងជាឯកឆ័ន្ទចំនួន ៥ចំណុច ដែលមេដឹកនាំរដ្ឋាភិបាលអាស៊ាន បានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១កន្លងទៅ។
ប្រធានអាស៊ានឆ្នាំ២០២២ ក៏បានស្នើទៅលោក មីន អោងឡាំង ឱ្យបង្កលក្ខណៈធ្វើយ៉ាងណាឲ្យប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូងនៅពេលសមស្របខាងមុខនេះ។
ជាពិសេសទៅទៀតនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញលោក មីន អោងឡាំង មេដឹកនាំរបបយោធាមីយ៉ាន់ម៉ា ឱ្យចូលរួមជាមួយថ្នាក់ដឹកនាំអាស៊ានផ្សេងទៀត ក្នុងការផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ាដែលកំពុងត្រូវការបំផុតនោះ។
នេះគឺជាលើកដំបូងហើយដែលប្រមុខដឹកនាំកម្ពុជាក្នុងនាមជាប្រធានអាស៊ាន បានជជែកតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយមេដឹកនាំយោធាភូមា បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន បានដឹកនាំប្រតិភូជាន់ខ្ពស់កម្ពុជា ទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី០៧ ខែមករានេះ៕ អត្ថបទ៖ សុធី