នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង(ស-២១) ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធជនរងគ្រោះ ដែលត្រូវបានសម្លាប់ក្នុងរបបប៉ុលពត។
ក្នុងពិធីនេះ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានថ្លែងថា ព្រឹតិ្តការណ៍នេះ ថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាសារមនី្ទរទួលស្លែង តែងតែប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយសារទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា លោកតែងតែណែនាំ។ ដោយឡែកក្នុងឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់តាំងឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីចូលរួម។ គោលបំណងធំរបស់យើង គឺរាជរដ្ឋាភិបាល មិនដែលភ្លេចនោះទេជនរងគ្រោះ ប្រជាជនយើងទាំងមូល និងកម្ពុជាទាំងមូល ក៏មិនភ្លេចដែរ នៅជនរងគ្រោះរាប់លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត និងទទួលរងទារុណកម្មគ្រប់រូបភាពទាំងអស់ ក្នុងរបបប្រល័យពូជសាសន៍ប៉ុល ពត។
លោកជំទាវ រដ្ឋមន្ត្រី បន្តថា ជារៀងរាល់ឆ្នាំយើងតែងតែឧទិ្ទសកុសលផលបុណ្យទាំងអស់ ជូនចំពោះអ្នកដែលបានបាត់បង់ជីវិតទៅដោយការឈឺចាប់ ដោយការអត់ឃ្លាន ដោយទារុណកម្មផ្សេងៗ ជាពិសេសនៅទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង តែម្តង។ ពិសេសទៅទៀតដោយហេតុថាទីតាំងនេះ ត្រូវបានដាក់ទៅជាសម្បតិ្តបេតិកភណ្ឌពិភពលោក វាមានន័យខ្លាំងណាស់ សម្រាប់ប្រជាជនខ្មែរ សម្រាប់មនុស្សជាតិថែមទៀត។ ហើយឆ្នាំនេះ ពិសេសទៅទៀតនោះ មិនត្រឹមតែឧទិ្ទសឡើងសម្រាប់តែចំពោះអ្នកដែលបានបាត់បង់ជីវិតដោយខ្លោចផ្សារក្នុងជំនាន់ប៉ុល ពត នោះទេ គឺបានឧទ្ទិសទៅដល់វីរយុទ្ធជនកម្ពុជាក្លាហានរបស់យើង ដែលបានពលីជីវិតនៅក្នុងបុព្វហេតុការពារទឹកដី ក្នុងរយៈពេលនៃការប៉ៈទង្គិចដោយប្រដាប់អាវុធ អស់រយៈពេល០៥ថ្ងៃកន្លងទៅនេះ។ ក៏សូមបញ្ជូននៅកុសលផលបុណ្យឲ្យពួកគាត់បានទៅកាន់សោយសុខនៅឋាននាយ ហើយក៏សូមឲ្យជួយថែរក្សាគាំទ្រឲ្យប្រទេស និងប្រជាជន ប្រជាជាតិយើងឲ្យបានសុខចម្រើន ឲ្យបានវិលត្រឡប់មកនៅសុខសន្តិភាព សម្រាប់ប្រជាជនកម្ពុជាទាំងមូល។
បើតាមលោក ហង្ស និស្ស័យ ប្រធានសារមនី្ទរទួលស្លែង នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ថ្ងៃនេះសារមន្ទីរទួលស្លែង បានរៀបចំពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីឧទិ្ទសកុសលជូនដល់ជនរងគ្រោះ ដែលបានបាត់បង់ជីវិតក្នុងសម័យខ្មែរក្រហម និយាយជារួម និយាយដោយឡែកជនរងគ្រោះដែលបានបាត់បង់ជីវិត អតីតមនី្ទរឃុំឃាំង ស-២១ ក្នុងសម័យខ្មែរក្រហម ដែលមានជនរងគ្រោះស្លូតត្រង់ ជាង១៨,០០០នាក់ ត្រូវបានចាប់មកធ្វើទារុណកម្មសួរចម្លើយ និងសម្លាប់នៅទីនេះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ៕ អត្ថបទ រដ្ឋា
















