ប្រទេសចិនបានរិះគន់ចំពោះការធ្វើនាវាចរណ៍របស់នាវាចម្បាំងអាមេរិក និងអង់គ្លេសឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ពោលគឺភ្លាមៗបន្ទាប់ពីបានប្រកាសថា នាវាផ្ទុកយន្តហោះថ្មីរបស់ខ្លួន បានឆ្លងកាត់ផ្លូវទឹកដ៏រសើបនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកវរសេនីយ៍ឯក Shi Yi អ្នកនាំពាក្យនៃទីបញ្ជាការភូមិភាគខាងកើតរបស់យោធាចិន បានឲ្យដឹងថា៖ «កាលពីថ្ងៃទី១២ ខែកញ្ញា នាវាពិឃាតអាមេរិក Higgins និងនាវាចម្បាំងចក្រភពអង់គ្លេស Richmond បានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ហើយបានចូលរួមពាក់ព័ន្ធនឹងការរំខាន និងការបង្កហេតុ»។
លោកបានបញ្ជាក់ថា យោធាចិន «បានរៀបចំកងកម្លាំងជើងទឹក និងដែនអាកាស ដើម្បីតាមដានពិនិត្យការឆ្លងកាត់របស់នាវាទាំងនេះពេញមួយការធ្វើដំណើរ» ហើយលោកបានបន្ថែមថា «សកម្មភាពនេះប៉ះពាល់ដល់សន្តិភាព និងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់»។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងចាត់ទុកកោះតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយទាមទារយុត្តាធិការលើផ្នែកដ៏ធំនៃដែនទឹកនេះ ដែលបំបែកកោះស្វ័យគ្រប់គ្រងពីចិនដីគោក។ សហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសផ្សេងទៀតចាត់ទុកច្រកសមុទ្រតៃវ៉ាន់ថា ជាដែនទឹកអន្តរជាតិ ដែលបើកចំហសម្រាប់នាវាទាំងអស់៕


