មជ្ឈមណ្ឌលព្រមានអំពីរលកយក្សស៊ូណាមិប៉ាស៊ីហ្វិករបស់ទីភ្នាក់ងារអាកាសធាតុជាតិអាមេរិក នៅរដ្ឋកោះហាវ៉ៃ បានឲ្យដឹងថា គ្មានការគំរាមកំហែងណាមួយនៃការកើតមានរលកយក្សស៊ូណាមិនោះទេ បន្ទាប់ពីរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ បានកើតមានឡើងនៅជិតឆ្នេរភាគខាងកើតនៃតំបន់ Kamchatka របស់ប្រទេសរុស្ស៊ី នាថ្ងៃសោរ៍ (ទី១៣ ខែកញ្ញា) នេះ។
ស្ថាប័នស្ទាបស្ទង់ភូគព្ភសាស្ត្ររបស់សហរដ្ឋអាមេរិក បានកំណត់កម្រិតរញ្ជួយដី ៧,៤រ៉ិចទ័រ ដោយមានជម្រៅ ៣៩,៥គីឡូម៉ែត្រ។ តែមជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ បានដាក់កម្រិត ៧,១រ៉ិចទ័រ ដោយមានជម្រៅ ១០គីឡូម៉ែត្រ។
នៅមុននេះ មជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិ បានឲ្យដឹងថា មានការគំរាមកំហែងនៃរលកយក្សស៊ូណាមិ ដោយសាររញ្ជួយដីនេះ។
បើតាមការផ្សាយរបស់ទូរទស្សន៍ NHK ដោយដកស្រង់ទីភ្នាក់ងារឧតុនិយមជប៉ុន បានឲ្យដឹងថា នៅឯប្រទេសជប៉ុន នៅភាគនិរតីនៃឧបទ្វីប Kamchatka មិនទាន់មានការព្រមានអំពីរលកយក្សស៊ូណាមិនៅឡើយទេ៕

