ការិយាល័យរបស់លោក Ramchandra Paudel បានឲ្យដឹងកាលពីល្ងាចថ្ងៃសុក្រ (ទី១២ ខែកញ្ញា)ថា ប្រធានាធិបតីនេប៉ាល់រូបនេះ បានសម្រេចរំលាយសភា និងប្រកាសពីការបោះឆ្នោតថ្មី នៅថ្ងៃទី៥ ខែមីនាឆ្នាំក្រោយ បន្ទាប់ពីមាននូវអំពើហិង្សាដ៏អាក្រក់បំផុតរយៈពេល ១សប្តាហ៍ ជាហេតុការណ៍ដែលបាននាំទៅដល់ការតែងតាំងនាយករដ្ឋមន្ត្រីស្ត្រីដំបូងរបស់ប្រទេសជាបណ្តោះអាសន្ន។
សេចក្តីប្រកាសនេះបានកើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោក Paudel បានតែងតាំងអតីតប្រធានតុលការកំពូល លោកស្រី Sushila Karki ឲ្យដឹកនាំប្រទេស បន្ទាប់ពីការតវ៉ាប្រឆាំងអំពើពុករលួយដឹកនាំដោយក្រុមយុវជន «Gen Z» បង្ខំឲ្យនាយករដ្ឋមន្ត្រី លោក KP Sharma Oli លាលែងពីតំណែង។
បើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យប្រធានាធិបតី បានឲ្យដឹងថា លោកប្រធានាធិបតី «បានរំលាយសភាតំណាងរាស្រ្ត និងកំណត់យកថ្ងៃព្រហស្បតិ៍ទី៥ ខែមីនា ឆ្នាំ២០២៦ ជាថ្ងៃបោះឆ្នោត»។
គួរបញ្ជាក់ថា លោកស្រី Karki ត្រូវបានតែងតាំងបន្ទាប់ពីមានការចរចារគ្នាយ៉ាងតានតឹងរយៈពេល ២ថ្ងៃ រវាងលោក Paudel លោកមេទ័ព Ashok Raj Sigdel និងមេដឹកនាំបាតុករ ក្រោយស្ងប់ស្ងាត់ភាពចលាចលដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ជាលើកដំបូង ក្នុងរយៈពេលជាច្រើនឆ្នាំ ដែលបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៥១នាក់បង់ជីវិត និងជាង ១.៣០០នាក់រងរបួស៕

