សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី១២ ខែកញ្ញា) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា ខ្លួននឹង «ការពារទឹកដីរបស់សមាជិកអង្គការណាតូ (NATO) គ្រប់អ៊ីញ» បន្ទាប់ពីមានយានដ្រូនដែលត្រូវបានសង្ស័យថា ជារបស់រុស្ស៊ី លុកលុយចូលដែនដីប៉ូឡូញ។
ឯកអគ្គរដ្ឋទូតអាមេរិកស្តីទី ប្រចាំនៅអង្គការសហប្រជាជាតិ (UN) លោកស្រី Dorothy Shea បានប្រាប់ស្ថាប័នដែលមានសមាជិក ១៥ប្រទេសថា៖ «សហរដ្ឋអាមេរិកឈរខាងសម្ព័ន្ធមិត្តណាតូរបស់យើង នៅចំពោះមុខនឹងការរំលោភដែនអាកាសដ៏គួរឲ្យព្រួយបារម្ភទាំងនេះ»។
សុន្ទរកថានេះទំនងជាមានគោលបំណងធានាដល់សម្ព័ន្ធមិត្តណាតូរបស់ក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការលុកលុយពីយានដ្រូនរបស់រុស្ស៊ីទៅក្នុងប្រទេសប៉ូឡូញ អាចជាកំហុសឆ្គង។
ជាមួយគ្នានេះ លោកស្រី Shea ក៏បានធ្វើការកត់សម្គាល់ផងដែរអំពីការបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែករបស់រុស្ស៊ី លើអ៊ុយក្រែន ចាប់តាំងពីលោក Trump បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នៅរដ្ឋ Alaska ដែលជាផ្នែកមួយនៃការប៉ុនប៉ងរបស់លោក ដើម្បីឈានទៅដល់ការបញ្ចប់សង្រ្គាមជាង ៣ឆ្នាំរបស់ទីក្រុងមូស្គូ នៅអ៊ុយក្រែន។
លោកស្រី Shea បាននិយាយថា៖ «សកម្មភាពទាំងនេះ ឥឡូវនេះដោយមានបន្ថែមនូវការរំលោភលើដែនអាកាសនៃសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ទោះដោយចេតនា ឬអចេតនាក៏ដោយ ក៏បង្ហាញពីការមិនគោរពយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែងដោយស្មោះត្រង់របស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់ជម្លោះនេះ»។
គួរបញ្ជាក់ថា ប្រទេសប៉ូឡូញបានបាញ់ទម្លាក់យានដ្រូននៅក្នុងដែនអាកាសរបស់ខ្លួន កាលពីថ្ងៃពុធ ដោយមានការគាំទ្រពីយន្តហោះសម្ព័ន្ធមិត្តណាតូរបស់ខ្លួន ជាលើកដំបូងដែលសមាជិកនៃសម្ព័ន្ធមិត្តយោធាលោកខាងលិចមួយនេះ ត្រូវបានគេដឹងថា បានបាញ់ទម្លាក់អាវុធបែបនេះ ក្នុងអំឡុងពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន៕


