ក្រុមប្រដាប់អាវុធ និងសេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃសុក្រ (ទី១២ ខែកញ្ញា) បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់យោធាមីយ៉ាន់ម៉ាទៅលើសាលារៀនឯកជនចំនួន ២ នៅភូមិមួយ ក្នុងសហភាពមីយ៉ាន់ម៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ ដែលភាគច្រើនជាសិស្ស។
ជាមួយគ្នានេះ ពួកគេបានឲ្យដឹងទៀតថា មនុស្សជាង ២០នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារនាពេលយប់ទៅលើភូមិ Thayet Thapin ក្នុងតំបន់ Kyauktaw ជាតំបន់គ្រប់គ្រងដោយកងទ័ពជនជាតិភាគតិច Arakan នៅភាគខាងលិចរដ្ឋ Rakhine។ តែយោធាមិនបានប្រកាសពីការវាយប្រហារណាមួយនៅតំបន់នេះទេ។
លោក Khaing Thukha អ្នកនាំពាក្យនៃកងទ័ព Arakan បានប្រាប់បណ្ដាញសារព័ត៌មានថា យន្តហោះចម្បាំង ១គ្រឿង បានទម្លាក់គ្រាប់បែក ២គ្រាប់ទៅលើសាលាវិទ្យាល័យ Pyinnyar Pan Khinn និង A Myin Thit Private Schools។ លោកបានបញ្ជាក់ថា ជនរងគ្រោះភាគច្រើនជា «សិស្សអាយុចន្លោះពី ១៧ ទៅ ១៨ឆ្នាំ មកពីសាលាឯកជនទាំង២»។
យ៉ាងណាក្ដី ស្ថានភាពនៅក្នុងភូមិនេះ មិនអាចត្រូវបានបញ្ជាក់ដោយឯករាជ្យបានឡើយ ដោយសារការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងសេវាទូរសព្ទចល័ត នៅក្នុងតំបន់ភាគច្រើន ត្រូវបានកាត់ផ្តាច់។ តំបន់ Kyauktaw ចម្ងាយ ២៥០គីឡូម៉ែត្រ នៅភាគនិរតីនៃទីក្រុង Mandalay ដែលជាទីក្រុងធំទី២ របស់ប្រទេសត្រូវបានដណ្ដើមគ្រប់គ្រងដោយកងទ័ព Arakan កាលពីខែកុម្ភៈឆ្នាំមុន។
គួរបញ្ជាក់ថា សហភាពមីយ៉ាន់ម៉ាបានធ្លាក់ចូលទៅក្នុងភាពចលាចល ចាប់តាំងពីកងទ័ពបានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបង្កឲ្យមានការប្រឆាំងពីប្រជាជនគ្រប់ទិសទី។ បន្ទាប់ពីបាតុកម្មដោយសន្តិវិធី ត្រូវបានបង្ក្រាបដោយកម្លាំងបណ្ដាលឲ្យមានអ្នកស្លាប់ ក្រុមជាច្រើន បានចាប់កាន់អាវុធប្រឆាំងនឹងការគ្រប់គ្រងរបស់យោធា ហើយផ្នែកធំនៃប្រទេស ឥឡូវនេះកំពុងរួបរឹតដោយជម្លោះ៕

