កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសដែលហៅខ្លួនឯងថាជាមហាអំណាចនុយក្លេអ៊ែរ កូរ៉េខាងជើងបានបាញ់អាវុធដែលទំនងជាមីស៊ីលបាលីស្ទីកចំនួន២គ្រាប់ ចូលក្បែរឆ្នេរសមុទ្រខាងកើតរបស់ខ្លួន ជាការបាញ់សាកល្បងមីស៊ីលលើកទី៦ នៅខែនេះ។
នាយអគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ខ្លួនបានតាមដានពីការបាញ់នេះ ប៉ុន្តែមិន បានបញ្ជាក់លម្អិតទេ។ ទីភ្នាក់ងារសារព័ត៌មាន Kyodo បានរាយការណ៍ដោយសំអាងតាមប្រភពពីរដ្ឋាភិបាលជប៉ុនថា អាវុធដែលគេសង្ស័យថាជាមីស៊ីលនេះ ទំនងជាបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន។ កូរ៉េខាងជើងបាននិយាយថា នៅខែនេះ ខ្លួននឹងពង្រឹងវិស័យការពារជាតិរបស់ខ្លួនទប់ទល់នឹង សហរដ្ឋអាមេរិក និងពិចារណាការចាប់ផ្ដើមឡើងវិញរាល់សកម្មភាព ដែលបានផ្អាកជាបណ្ដោះអាសន្នទាំងអស់ គឺការបាញ់សាកល្បង អាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយ។
កូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កូរ៉េខាងជើង បានបាញ់មីស៊ីលតម្រង់គោលដៅចំនួន២គ្រាប់ ចូលក្បែរឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ស្របពេលភាពតានតឹងកំពុងកើនឡើងជុំវិញការសាកល្បងអាវុធជាបន្តបន្ទាប់។ កាលពីពេលថ្មីៗនៅក្នុងខែនេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីលយុទ្ធសាស្ត្រប្រើដោយទូរបញ្ជាមីស៊ីលល្បឿនលឿនជាងសំឡេង២គ្រាប់ ដែលអាចហោះហើរក្នុងលឿន និងចំគោលដៅដ៏ជាក់លាក់បន្ទាប់ពីបាញ់ចេញ និង ការបាញ់ចេញពីរថភ្លើងជាដើម ៕