នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោក យី យ៉េន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល និងលោកស្រី មាស ណារ៉ា ព្រមទាំងលោក លោកស្រីអភិបាលរងស្រុក កងកម្លាំងទាំងបី និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកមុខកំពូល អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី ថ្វាយព្រះរតនត្រ័យ និងនាំយក ចង្ហាន់ និងទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខា ព្រមទាំងបច្ច័យមួយចំនួន ទៅវេរប្រគេនព្រះមហាព្រហ្មមុនី ទូច សាទរ ព្រះរាជាគណៈថ្នាក់ទោ ព្រះមេគណគណៈធម្មយុត្តិកនិកាយរាជធានីភ្នំពេញ និងជាព្រះចៅអធិការវត្តព្រះធម៌កំពូលត្រ័យភព ហៅវត្តអំពិលទឹក ដែលស្ថិតនៅភូមិអំពិលទឹក ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្នុងពិធីនោះ លោកអភិបាលស្រុក ក៏សូមឧទ្ទិសបុណ្យកុសលជូនដល់ញាតិការទាំងប្រាំពីរសន្តាន និងវីរកងទ័ពខ្មែរ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដីទាំងអស់មកអនុមោទនាទទួលយកចំណែកនៃបុណ្យដែលយើងខ្ញុំទាំងអស់គ្នាបានបំពេញ ហើយសូមបានចាប់បដិសន្ធិក្នុងទីឋានបរមសុខ កុំបីអាក់ខានឡើយ។
សូមបញ្ជាក់ថា ទេយ្យវត្ថុជាសទ្ធាជ្រះថ្លារបស់ លោកអភិបាលស្រុក ព្រមទាំងមន្ត្រីរាជការ ប្រគេនវត្តអំពិលទឹក រួមមាន៖ អង្ករ ១០០គីឡូក្រាម, មី ៥កេស, ទឹកផ្លែឈើ ៥កេស, ទឹកបរិសុទ្ធអារុណា ៦កេស, នំអន្សម ១កន្ត្រក, ផ្លែឈើស្រស់ ១កន្ត្រក, ស្លាដក ១ប្រដាប់ ចង្ហាន់ និងបច្ច័យបួន ៨៧១,០០០រៀល បច្ច័យកសាងព្រះវិហារ ចំនួន ១,០០០,០០០រៀល និងថវិកាជូនយាយជីតាជី ព្រមទាំងពុទ្ធបរិស័ទចំនួន ៥,០០០,០០០រៀល។













