វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់អាមេរិក Danielle Collins បាននិយាយថា វាជារឿងមិនគួរឱ្យជឿសំរាប់ខ្លួនឯងដែលបានឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, Australian Open បន្ទាប់ពីវិលមកប្រកួតវិញកាលពីខែមិថុនាឆ្នាំមុន។ កីឡាការិនីវ័យ ២៨ឆ្នាំរូបនេះបានទទួលការវះកាត់ដៃស្បូនកាលពីខែមេសា និងវិលមកប្រកួតវិញពីរខែបន្ទាប់។

បច្ចុប្បន្នឈរលេខ ២៧ ពិភពលោក Danielle Collins បានឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកទី២ ក្នុងអាជីពក្រោយពីយកឈ្នះកីឡាការិនីបារាំង Alize Cornet ៧-៥ និង ៦-១។ Danielle Collins ដែលធ្លាប់ឡើងដល់វគ្គ ៤នាក់ចុងក្រោយនៅ Australian Open នេះម្តងកាលពីឆ្នាំ២០១៩ នោះនឹងត្រូវជួបជាមួយកីឡាការិនីប៉ូឡូញ Iga Swiatek។ Iga Swiatek ដែលធ្លាប់ឈ្នះជើងឯក French Open កាលពីឆ្នាំ២០២០ នោះបានយកឈ្នះកីឡាការិនីអេស្តូនី Kaia Kanepi ដោយលទ្ធផល ៤-៦, ៧-៦(៧-២) និង ៦-៣។
នេះជាការខកចិត្តម្តងទៀតសំរាប់កីឡាការិនីវ័យ ៣៦ឆ្នាំ Kaia Kanepi ដែលបានត្រឹមវគ្គនេះ ពោលគឺ ៦លើកកន្លងមកហើយរាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៧ សុទ្ធតែធ្លាក់ត្រឹមវគ្គ ៨នាក់ចុងក្រោយ Grand Slam។ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Australian Open ផ្នែកនារីនឹងប្រកួតនៅថ្ងៃព្រហស្បតិ៍នេះទាំងអស់ដោយរួមមាន Danielle Collins ជួប Iga Swiatek និង Madison Keys ជួប Ashleigh Barty៕
អត្ថបទ៖នាង សុភាវុធ