ក្រុមអាជ្ញាធរបាននិយាយថា យន្តហោះប៉ូឡូញ និងសម្ព័ន្ធមិត្តត្រូវបានដាក់ពង្រាយក្នុងប្រតិបត្តិការ ទប់ស្កាត់ក្នុងតំបន់ដែនអាកាសរបស់ប្រទេសប៉ូឡូញ កាលពីថ្ងៃសៅរ៍ ១៣ កញ្ញា ដោយសារការគំរាមកំហែងនៃការវាយប្រហារដោយយានដ្រូននៅក្នុងតំបន់នានាជិតខាងប្រទេសអ៊ុយក្រែន ហើយអាកាសយានដ្ឋានក្នុងទីក្រុង លុយប្លាំង (Lublin) ភាគខាងកើតនៃប្រទេសប៉ូឡូញត្រូវបានបិទ។
ការប្រកាសនេះបានកើតឡើងបន្ទាប់ពីយានដ្រូនរុស្ស៊ីជាច្រើនគ្រឿងបានឆ្លងចូលក្នុងប្រទេសប៉ូឡូញកាលពីថ្ងៃពុធ ដែលជំរុញឱ្យអង្គការណាតូបញ្ជូនយន្តហោះចម្បាំងដើម្បីបាញ់ទម្លាក់ដ្រូន និងគូសបញ្ជាក់ពីការព្រួយបារម្ភដែលបានអូសបន្លាយជាយូរមកហើយចំពោះការពង្រីកសង្គ្រាមជាងបីឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែន។
បញ្ជាការប្រតិបត្តិការរបស់យោធាប៉ូឡូញ បានបង្ហោះនៅលើបណ្ដាញសង្គម X កាលពីរសៀលថ្ងៃសៅរ៍ថា ប្រព័ន្ធការពារដែនអាកាស និងឈ្លបយកការណ៍ ស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់។ ប្រភពខាងលើបានសង្កត់ធ្ងន់ថា សកម្មភាពទាំងនេះគឺជាការបង្ការទុកជាមុន ហើយមានគោលបំណងធានាសុវត្ថិភាពដែនអាកាសរបស់ប្រទេសប៉ូឡូញ និងការពារប្រជាពលរដ្ឋរបស់ប្រទេសនេះ។ បញ្ជាការប្រតិបត្តិការរបស់យោធាប៉ូឡូញដដែល បានលើកឡើងពីការគំរាមកំហែងនៃការវាយប្រហារដោយយានដ្រូននៅក្នុងតំបន់នានាជិតព្រំដែនប្រទេសអ៊ុយក្រែន ប៉ុន្តែពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមភ្លាមៗនោះទេ។
នាយករដ្ឋមន្ត្រីប៉ូឡូញលោក Donald Tusk ក៏បានបង្ហោះផងដែរថា "ប្រតិបត្តិការការពារអាកាស" បានចាប់ផ្តើមនៅក្នុងដែនអាកាសប៉ូឡូញហើយ ដោយសារតែការគំរាមកំហែងបង្កឡើងដោយយានដ្រូនរបស់រុស្ស៊ី ដែលប្រតិបត្តិការលើតំបន់នានារបស់ប៉ូឡូញជិតប្រទេសអ៊ុយក្រែន៕