អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កំពុងថ្កោលទោសការវាយប្រហាររបស់ក្រុមជនអន្ធពាលចុងក្រោយបង្អស់នៅប្រទេសហៃទី ដែលជាការសម្លាប់រង្គាលយ៉ាងឃោរឃៅនៅក្នុងភូមិនេសាទមួយស្ថិតនៅភាគខាងជើងនៃរដ្ឋធានីព័រ-អូ-ប្រាំង( Port-au-Prince) ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់៤០ នាក់ស្លាប់ រួមទាំងកុមារអាយុ ៤ ឆ្នាំម្នាក់ និងជីដូនរបស់គេ។
ការសម្លាប់នេះបានកើតឡើងកាលពីរសៀលថ្ងៃព្រហស្បតិ៍ នៅក្នុងភូមិ ឡាប័រឌ្រី(Labordrie) ជាភូមិមួយស្ថិតនៅចម្ងាយ២០ម៉ាយភាគខាងជើងនៃរដ្ឋធានីប្រទេសហៃទី រវាងទីក្រុង កាបារ៉េត (Cabaret )និងទីក្រុង អាកាហៃ (Arcahaïe) ។តាមសេចក្តីរាយការណ៍ ក្រុមខ្មាន់កាំភ្លើងជាមួយក្រុមជនអន្ធពាលចម្រុះ Viv Ansanm ដែលកំពុងប្រយុទ្ធដើម្បីគ្រប់គ្រង ទីក្រុង អាកាហៃ បានសម្រុកចូលភូមិ និងបានបាញ់ប្រហារទៅលើប្រជាជន ដោយបានសម្លាប់ស្ត្រី កុមារ និងមនុស្សចាស់។
អ្នកនាំពាក្យរបស់លោក Guterres គឺលោក Stéphane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា អគ្គលេខាធិការមានការភ័យព្រួយចំពោះកម្រិតនៃអំពើហិង្សាដែលកក្រើកប្រទេសហៃទី ហើយជំរុញឱ្យអាជ្ញាធរហៃទីធានាថា ជនល្មើសទាំងនោះ និងការរំលោភសិទ្ធិមនុស្សផ្សេងទៀតទាំងអស់ ត្រូវបាននាំមកកាត់ទោស ។
លោកថា លោក Guterres សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសារជនរងគ្រោះ ប្រជាជន និងរដ្ឋាភិបាលនៃប្រទេសហៃទី៕