ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយថា លោកត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ប៉ុន្តែលុះត្រាតែសម្ព័ន្ធមិត្តណាតូទាំងអស់យល់ព្រមបញ្ឈប់ទាំងស្រុងការទិញប្រេងពីទីក្រុងមូស្គូ និងដាក់ទណ្ឌកម្មផ្ទាល់ខ្លួនរបស់ពួកគេលើប្រទេសរុស្ស៊ី ដើម្បីដាក់សម្ពាធឱ្យបញ្ចប់សង្រ្គាមជាងបីឆ្នាំរបស់រុស្ស៊ីនៅអ៊ុយក្រែន។
លោក Trump បាននិយាយនៅក្នុងសារបង្ហោះលើវេទិកាសង្គម Truth Social របស់លោកកាលពីថ្ងៃសៅរ៍ថា ខ្ញុំបានត្រៀមខ្លួនរួចរាល់ហើយក្នុងការដាក់ទណ្ឌកម្មសំខាន់ៗលើរុស្ស៊ី នៅពេលដែលបណ្ដាប្រទេសណាតូទាំងអស់បានយល់ព្រម ហើយចាប់ផ្តើមធ្វើដូចគ្នា និងនៅពេលប្រទេសណាតូទាំងអស់ឈប់ទិញប្រេងពីរុស្ស៊ី ដែលលោកហៅថាជាលិខិតមួយទៅកាន់បណ្ដាប្រទេសណាតូទាំងអស់ និងពិភពលោក។
លោក Trump ក៏បានសរសេរផងដែរថា ការប្តេជ្ញាចិត្តរបស់ណាតូ “ដើម្បីឈ្នះ” សង្គ្រាម “មានតិចជាង ១០០%” ហើយថាវា “គួរឱ្យភ្ញាក់ផ្អើល” ដែលសមាជិកមួយចំនួននៃសម្ព័ន្ធមិត្តយោធាមួយនេះ បន្តទិញប្រេងពីរុស្ស៊ី។ លោកថា ទង្វើនេះធ្វើឲ្យជំហរចរចា និងអំណាចចរចារបស់អ្នកចុះខ្សោយយ៉ាងខ្លាំងលើរុស្ស៊ី។
លោកសរសេរបន្ថែមទៀតថា ប្រសិនបើសម្ព័ន្ធណាតូ ធ្វើបានតាមលោកនិយាយ នោះសង្គ្រាមនឹងបញ្ចប់យ៉ាងឆាប់រហ័ស តែបើមិនធ្វើតាមទេ នោះអ្នកនឹងធ្វើឲ្យពេលវេលារបស់ខ្ញុំខ្ជះខ្ជាយ៕