ភ្នំពេញ ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការធនាគារជាតិនៃកម្ពុជា ទទួលកាន់បិណ្ឌវេនទី៧ នៅវត្តបុទមវតី តាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បី ទំនុកបម្រុង និងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត និងឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខ័នវិរះយុទ្ធជនកម្ពុជា ដែលពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិ។
លោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ខៀវ ស៊ីណា និងលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិ នៃកម្ពុជា បានទទួលកាន់បិណ្ឌវេនទី៧ និងចាត់ចែងចង្ហាន់ប្រគេនព្រះសង្ឃគង់នៅវត្តបទុមវតី រាជវរារាម រាជធានីភ្នំពេញ នៅថ្ងៃសៅរ៍-អាទិត្យ ថ្ងៃទី ១៣-១៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមគ្រួសារ និងមន្ត្រី-បុគ្គលិក ធនាគារជាតិនៃកម្ពុជា ផងដែរ។ ពិធីបុណ្យកាន់បិណ្ឌនេះ ត្រូវបានរៀបចំឡើងតាមប្រពៃណីព្រះពុទ្ធសាសនា ក្នុងគោលបំណងទំនុកបម្រុងនិងចាត់ចែងចង្ហាន់ និងបច្ច័យ៤ ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា និងឧទ្ទិសមហាកុសលផលបុណ្យដល់ដួងវិញ្ញាណខន្ធ ឯកឧត្តម ជា ចាន់តូ អតីតទេសា- ភិបាលកិត្តិយស ធនាគារជាតិនៃកម្ពុជា និងបុព្វការីជនទាំងឡាយមានមាតាបិតាជីដូនជីតា យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ដើម្បីជាតិមាតុភូមិ និងសាសនា ក៏ដូចជាចូលរួមចំណែករឹតចំណងសាមគ្គីភាព និងលើកតម្កើងព្រះពុទ្ធសាសនា ឱ្យបានរុងរឿងអស់ កាលជាអង្វែងតទៅ ។
ក្នុងពិធីនេះដែរ, ក្រៅពីការឧទ្ទិសកុសលជូនបុព្វការីជន សាច់សារលោហិត អ្វីដែលថ្នាក់នាំ មន្រ្តីរាជការ បុគ្គលិក និងប្រជា- ពលរដ្ឋមិនអាចបំភ្លេចបាន គឺគុណបំណាច់ និងការលះបង់ដ៏ធំធេងរបស់វិរះយុទ្ធជនកម្ពុជាយើង។ តាមរយៈនៃបុណ្យកុសល ដែលបាន ធ្វើឡើងនៅក្នុងថ្ងៃបិណ្ឌទី៧នេះ បានជូនដល់ដួងវិញ្ញាណក្ខ័នយុទ្ធជន យុទ្ធនារីស្នេហាជាតិ ដែលពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ គ្រប់សម័យកាល និងជាពិសេសចំពោះវិរះយុទ្ធជនដែលបានពលីជីវិតលើកិច្ចការការពាទឹកដី នៃការប៉ះទង្គិចពីជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗ។ សូមឲ្យមនុញ្ញផលជូនដល់វិញ្ញាណក្ខ័នអស់លោកទាំងនោះ បានសោយសុខនាឋានបុរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ ម្យ៉ាងទៀត គឺការជូនពរដល់វិរះយុទ្ធជនកំពុងសម្រាកព្យាបាល ឱ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អបរិបូរណ៍ ប្រកបដោយ កំលាំងរឹងមាំ ខ្លាំងក្លា ដើម្បីបន្តបំពេញភារកិច្ចដ៏ឧត្ដង្គឧត្ដមជូនជាតិមាតុភូមិ ព្រមទាំងបានបួងសួងសូមឲ្យមនុញ្ញផលកើត ចេញពី បុណ្យ ផ្ដល់នូវសេចក្ដីសុខចម្រុងចម្រើន ដល់ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជាគ្រប់លំដាប់ថ្នាក់។
សូមបញ្ជាក់ថា នៅក្នុងថ្ងៃកាន់បិណ្ឌទី៧នេះ បច្ច័យដែលប្រមូលបានប្រមាណជាង ៥០ លានរៀល ត្រូវបាន វេបច្ច័យប្រគេនដល់ព្រះ សង្ឃ សម្រាប់ទុកកសាងសមិទ្ធផលនានា នៅក្នុងវត្តបទុមវតី រាជវរារាម ដើម្បីចូលរួមដល់ការរីកចចម្រើននៅក្នុងវិស័យពុទ្ធចក្រ នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ៖ សុន រ៉ាឌី











