ក្រុមមន្ត្រីសហរដ្ឋអាមេរិក និងចិន បានបិទបញ្ចប់កិច្ចពិភាក្សាថ្ងៃដំបូងរបស់ភាគីទាំងពីរនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ (១៤ កញ្ញា) ស្តីពីទំនាក់ទំនងពាណិជ្ជកម្មដ៏តានតឹង ខណៈថ្ងៃផុតកំណត់ក៏ខិតជិតមកដល់សម្រាប់ការលក់កម្មវិធីវីដេអូខ្លីរបស់ចិន TikTok នៅសហរដ្ឋអាមេរិក ស្របពេលមានការទាមទាររបស់ទីក្រុងវ៉ាស៊ីនតោន ឱ្យសម្ព័ន្ធមិត្តខ្លួនដាក់ពន្ធលើការនាំចូលរបស់ចិន ជុំវិញការទិញប្រេងពីរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានប្រាប់អ្នកយកព័ត៌មាននៅពេលចាកចេញពីវិមានរដ្ឋាភិបាលកណ្តាលរបស់អេស្ប៉ាញថា "ភាគីទាំងពីរនឹងចាប់ផ្តើមកិច្ចពិភាក្សាម្តងទៀតនៅពេលព្រឹក (ថ្ងៃចន្ទ ទី១៥ ខែកញ្ញា នេះ)"។
កិច្ចពិភាក្សារវាងគណៈប្រតិភូ ដែលដឹកនាំដោយលោក Bessent និងតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Jamieson Greer ជាមួយឧបនាយករដ្ឋមន្ត្រីចិន លោក He Lifeng និងអ្នកចរចាពាណិជ្ជកម្មជាន់ខ្ពស់របស់ចិន លោក Li Chenggang នៅវិមាន Santa Cruz ដែលជានិវេសនដ្ឋានរបស់ក្រសួងការបរទេសអេស្ប៉ាញ បានបញ្ចប់នៅថ្ងៃដំបូង បន្ទាប់ពីចរចាប្រហែល ៦ម៉ោង។ លទ្ធផលនៃជំនួបមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញពាណិជ្ជកម្មបាននិយាយថា មានលទ្ធភាពតិចតួចណាស់នៃការទម្លាយភាពជាប់គាំងក្នុងកិច្ចពិភាក្សា ដែលរៀបចំដោយអេស្ប៉ាញនេះ។
ជំនួបនេះគឺជាលើកទីបួនហើយក្នុងរយៈពេល ៤ខែ ដែលគណៈប្រតិភូអាមេរិក-ចិន បានជួបប្រជុំគ្នានៅក្នុងទីក្រុងនានានៅអឺរ៉ុប ដើម្បីព្យាយាមរក្សាទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង ដែលរកាំរកូស នៅក្រោមពន្ធគយរបស់លោកប្រធានាធិបតីអាមេរិក Donald Trump៕



