វ៉ូវីណាម៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបង្ហាញក្ដីរំពឹងថា កីឡាវ៉ូវីណាមនឹងក្លាយជាកីឡាដ៏មានប្រជាប្រិយភាព នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។

ការបង្ហាញនូវសុទិដ្ឋិនិយមនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នៅទីលាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីគណៈកម្មាធិការជាតិ CAMSOC បានកំណត់សន្ទសន៍មេដាយ សម្រាប់ប្រភេទកីឡាដ៏មានសក្ដានុពលនេះ ត្រូវដណ្ដើមមេដាយមាសឲ្យបាន ៩គ្រឿងក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា។ ឆ្លៀតឱកាសនោះ ឯកឧត្តម វ៉ាត់ ចំរើន បានវាយតម្លៃខ្ពស់ចំពោះការរៀបចំជើងឯកថ្នាក់ជាតិ របស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាដែលមានការឧបត្ថម្ភគាំទ្រដ៏ច្រើន បើធៀបនឹងសហព័ន្ធដទៃ ហើយឯកឧត្តមចាត់ទុកនេះជាផ្នែកមួយដ៏សំខាន់ នៃការជំរុញការអភិវឌ្ឍវិស័យកីឡា។ ប៉ុន្ដែឯកឧត្តមក៏បានជំរុញការប្រើប្រាស់ការឧបត្ថម្ភគាំទ្រនេះ ឲ្យដល់តួឯកនៃកីឡាគឺកីឡាករ-កីឡាការិនីផងដែរ។ លើសពីនេះ រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល ក៏បានកោតសរសើរចំពោះការរៀបចំប្រកបដោយស្ដង់ដារ មានអាជ្ញាកណ្ដាល-ចៅក្រមត្រឹមត្រូវដើម្បីផ្ដល់ទំនុកចិត្តដល់កីឡាករ-កីឡាការិនីក្នុងការប្រកួតផងដែរ។ តាមរយៈនេះ ឯកឧត្តមសង្ឃឹមថា យ៉ាងមុតមាំថា កីឡាវ៉ូវីណាមនឹងអាចឈានទៅសម្រេចសន្ទសន៍មេដាយនៃការដណ្ដើមមេដាយមាសឲ្យបាន ៩គ្រឿងក្នុងស៊ីហ្គេមឆ្នាំ២០៣ នៅកម្ពុជា ហើយក៏ជាកីឡាដ៏មានប្រជាប្រិយក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះផងដែរ។

ទន្ទឹមជាមួយគ្នា ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធបានបញ្ជាក់ថា ជាការពិតក្រៅពីការហ្វឹកហាត់ ការប្រកួតពិតជាមានសារៈសំខាន់ណាស់សម្រាប់កីឡាករ-កីឡាការិនីដើម្បីអភិវឌ្ឍន៍ និងបង្កើនសមត្ថភាពចៅក្រម-អាជ្ញាកណ្ដាលផងដែរ។ ដូច្នេះសហព័ន្ធនឹងស្វះស្វែងរកលទ្ធភាពកៀគរការឧបត្ថម្ភពីសំណាក់ដៃគូពាក់ព័ន្ធ ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ឆ្ពោះទៅរកមេដាយលើឆាកអន្ដរជាតិជូនជាតិ។ ហេតុនេះ មន្ដ្រី គ្រូបង្វឹក កីឡាករ-កីឡាការិនីនៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានរួមគ្នាប្ដេជ្ញាស្វែងរកមេដាយមាសជូនជាតិឲ្យបាន ៩គ្រឿងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។ ក្រឡេកមកចាប់អារម្មណ៍ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នេះវិញបានធ្វើឡើង ៣ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៨៦នាក់មកពី ៩សមាគម/ក្លិប និងក្រសួង។ ជាលទ្ធផលក្លិបក្រសួងការពារជាតិដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង (មាស ៦, ប្រាក់ ១ និងសំរឹទ្ធ៣) ខណៈក្រសួងមហាផ្ទៃឈរលេខ២ ដណ្ដើមបានមេដាយសរុប ៦គ្រឿង (មាស ៣ ប្រាក់ ១ និងសំរឹទ្ធ ២) និងខេត្តសៀមរាបឈរលេខ៣ ដណ្ដើមបានមេដាយសរុប ៧គ្រឿង (មាស ២ ប្រាក់ ៣ និងសំរឹទ្ធ ២)។
ចំណែកខេត្តកំពង់ស្ពឺដែលទើបចូលរួមលើកដំបូងឈរលេខរៀងទី៤ ដណ្ដើមបានមេដាយសរុប ៨គ្រឿង (មាស ២ ប្រាក់ ២ និងសំរឹទ្ធ៤) ។ ខេត្តស្វាយរៀងឈរលេខ៥ ដណ្ដើមបានមេដាយសរុប ៤គ្រឿង (មាស ២ និងប្រាក់ ២)។ ក្លិបវ៉ូវីណាមតាឡីឈរលេខ៦ ដណ្ដើមបានមេដាយ ៤គ្រឿង (មាស ១ និងសំរឹទ្ធ ៣)។ ក្លិបវ៉ូវីណាមសែនសុខ និងខេត្តប៉ៃលិនឈរលេខ៧ និងលេខ៨ ដណ្ដើមបានមេដាយ ៧គ្រឿង (ប្រាក់ ៣ និងសំរឹទ្ធ៤) ដូចគ្នា និងខេត្តត្បូងឃ្មុំដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ៤គ្រឿងឈរលេងរៀងទី៩៕
អត្ថបទ៖ លី ឈុនឡា