នាយករដ្ឋមន្ត្រីកាតា លោក Sheikh Mohammed bin Abdulrahman Al Thani បានជំរុញសហគមន៍អន្តរជាតិកាលពីថ្ងៃអាទិត្យ ១៤ កញ្ញា ឱ្យ "បញ្ឈប់ការប្រើប្រាស់ស្តង់ពីរ" និងដាក់ទណ្ឌកម្មអ៊ីស្រាអែលចំពោះអ្វីដែលរូបលោកបានពិពណ៌នាថាជាឧក្រិដ្ឋកម្ម ។
លោកបាននិយាយក្នុងកិច្ចប្រជុំត្រៀមមួយនៅមុនថ្ងៃនៃកិច្ចប្រជុំកំពូលបន្ទាន់របស់ក្រុមមេដឹកនាំអារ៉ាប់ និងអ៊ីស្លាម ដែលរៀបចំដោយកាតា បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសមិនធ្លាប់មានលើមេដឹកនាំក្រុមហាម៉ាស នៅទីក្រុងដូហា។
លោកនាយករដ្ឋមន្ត្រីបាននិយាយថា ដល់ពេលដែលសហគមន៍អន្តរជាតិឈប់ប្រើប្រាស់ស្តង់ដារពីរហើយ និងដាក់ទណ្ឌកម្មអ៊ីស្រាអែលចំពោះឧក្រិដ្ឋកម្មទាំងអស់ដែលខ្លួនបានប្រព្រឹត្ត ហើយអ៊ីស្រាអែលត្រូវដឹងថា សង្រ្គាមនៃការសម្លាប់រង្គាលដែលកំពុងបន្ត លើប្រជាជនប៉ាឡេស្ទីនជាបងប្អូនរបស់យើងកំពុងក្លាយជាប្រធានបទសំខាន់ ហើយថាគោលបំណងបណ្តេញពួកគេចេញពីទឹកដីរបស់គេ នឹងមិនដំណើរការទេ។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសកាតាលោក Majed al-Ansari កិច្ចប្រជុំនៅថ្ងៃចន្ទរបស់មេដឹកនាំអារ៉ាប់ និងអ៊ីស្លាមនឹងពិចារណា សេចក្តីព្រាងដំណោះស្រាយស្តីពីការវាយប្រហាររបស់អ៊ីស្រាអែលលើរដ្ឋកាតា ។
ប្រទេសកាតា ដែលជាម្ចាស់ផ្ទះមូលដ្ឋានយោធាដ៏ធំបំផុតរបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ ដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់នៅក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស រួមជាមួយសហរដ្ឋអាមេរិក និងអេហ្ស៊ីប៕


