វិទ្យុកងទ័ពអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃអាទិត្យ (១៤ កញ្ញា) ថា ជនជាតិប៉ាឡេស្ទីនប្រហែល ៣០០.០០០នាក់ បានរត់ភៀសខ្លួនទាំងភ័យស្លន់ស្លោរចេញពីទីក្រុងហ្កាហ្សា ខណៈអ៊ីស្រាអែល កាន់តែបង្កើនការវាយប្រហារខ្លាំងឡើងលើទីក្រុងធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីបមួយនេះ។
ក្រសួងសុខាភិបាលហ្កាហ្សា បាននិយាយកាលពីថ្ងៃអាទិត្យថា ការវាយប្រហាររបស់អ៊ីស្រាអែល ភាគច្រើនផ្ដោតលើភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណជិត ៧០នាក់ និងរបួសជាង ៣០០នាក់ ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនោះ។ ការវាយប្រហារបានបំផ្លាញអគារពហុជាន់យ៉ាងតិច ២កន្លែងក្នុងទីក្រុងហ្កាហ្សា រួមទាំងអគារមួយរបស់សាកលវិទ្យាល័យអ៊ិស្លាម ដែលកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួន។
អ៊ីស្រាអែលនិយាយថា ខ្លួនមានផែនការដណ្តើមកាន់កាប់ទីក្រុងហ្កាហ្សាទាំងមូល ហើយបានព្រមានអ្នកស្រុកឱ្យចាកចេញជាបន្ទាន់ពីកន្លែងនោះ ជាទីដែលមានមនុស្សប្រហែល ១លាននាក់កំពុងរស់នៅ និងជ្រកកោន ដើម្បីជាផ្នែកមួយនៃការប្រកាសច្បាស់ៗរបស់ខ្លួនថាមានគោលបំណងរុះរើបន្ទាយក្រុមហាម៉ាស និងរំដោះចំណាប់ថ្នូរជិត ៥០នាក់ ក្នុងដៃក្រុមសកម្មប្រយុទ្ធនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពអ៊ីស្រាអែលនិយាយថា យន្តហោះចម្បាំងរបស់ខ្លួនបានកំណត់គោលដៅលើ "កន្លែងដែលប្រើដោយក្រុមហាម៉ាស សម្រាប់ប្រតិបត្តិការយោធា និងគោលបំណងស៊ើបការណ៍" ដោយសង្កត់ធ្ងន់ថា ការព្រមានត្រូវបានដាក់ចេញជាមុនដល់ប្រជាជន មុនពេលមានការវាយប្រហារជាក់លាក់៕


