សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកបានទាត់ចោលការទាមទាររបស់ប្រទេសរុស្ស៊ី ដែលហាមមិនឲ្យប្រទេសអ៊ុយក្រែនចូលជាសមាជិករបស់អង្គការណាតូ ស្របពេលមានការព្រមានថា រុស្ស៊ីអាចនឹងឈ្លានពានប្រទេសជិតខាងរបស់ខ្លួននោះ។ ប្រមុខការទូតសហរដ្ឋអាមេរិកលោក Antony Blinken បានផ្ដល់ការឆ្លើយតបផ្លូវការទៅកាន់រុស្ស៊ី ចំពោះការទាមទាររបស់ខ្លួនដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។
លោក Blinken ពុំបានផ្ដល់សម្បទានអ្វីទេ ប៉ុន្តែបាននិយាយថា លោកកំពុងផ្ដល់ជូនរុស្ស៊ីនូវផ្លូវការទូតមួយដ៏ច្បាស់លាស់ ដែលរុស្ស៊ីគួរតែជ្រើសរើសយក។ រដ្ឋមន្ត្រីមួយរូបរបស់រុស្ស៊ីបាននិយាយថា ប្រទេសរបស់លោកនឹងសិក្សាការឆ្លើយតបរបស់លោក Blinken ដែលបានធ្វើការសម្របសម្រួលជាមួយអង្គការណាតូ។ ប្រទេសរុស្ស៊ីបានបញ្ចេញតារាងដែលបានសរសេរអំពីក្ដីកង្វល់របស់ខ្លួន ទាក់ទងនឹងការពង្រីកសកម្មភាពយោធារបស់សម្ព័ន្ធណាតូ និងបញ្ហាសន្តិសុខ។ ក្នុងចំណោមបញ្ហាទាំងនោះគឺមានការទាមទារឲ្យអង្គការណាតូ ច្រានចោលការចូលជាសមាជិកពីសំណាក់អ៊ុយក្រែន និងប្រទសផ្សេងទៀតផងដែរ៕
អត្ថបទ៖ សុខមាន