ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអាទិត្យ (១៤ កញ្ញា) ថា ខ្លួនបានផ្អាកកិច្ចចរចាលើការដោះដូរអ្នកទោស និងចំណាប់ថ្នូរជាមួយអ៊ីស្រាអែល បន្ទាប់ពីចោទយោធាអ៊ីស្រាអែលថាកំណត់គោលដៅលើគណៈប្រតិភូចរចារបស់ខ្លួននៅរដ្ឋធានីដូហា ប្រទេសកាតា ក្នុងការវាយប្រហារកាលពីថ្ងៃទី៩ ខែកញ្ញា ជាអ្វីដែលអ៊ីស្រាអែលអះអាងថា ជាការតាមកម្ចាត់ថ្នាក់ដឹកនាំនយោបាយរបស់ក្រុមសកម្មប្រយុទ្ធនេះ។
លោក Tahir al-Nono មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "កិច្ចចរចាមិនអាចបន្តបានទេ ប្រសិនបើគណៈប្រតិភូទទួលខុសត្រូវចពោះការពិភាក្សាត្រូវរងការវាយប្រហារក្នុងប្រទេសកាតា ដែលដើរតួជាអ្នកសម្របសម្រួលដ៏សំខាន់"។
ក្រុមហាម៉ាសនិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីថ្ងៃអង្គារសប្តាហ៍មុននោះ បានត្រូវចំបរិវេណលំនៅដ្ឋានក្នុងទីក្រុងដូហា ដែលប្រើដោយមេដឹកនាំរបស់ខ្លួនពេលកំពុងពិភាក្សាសំណើបទឈប់បាញ់ ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ក្រុមនេះបន្តថា គណៈប្រតិភូ ដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់របស់ហាម៉ាស លោក Khalil al-Hayya បានរួចជីវិត ប៉ុន្តែសមាជិកហាម៉ាស ៥នាក់ និងមន្ត្រីសន្តិសុខកាតាម្នាក់ត្រូវបានសម្លាប់។
ការអត្ថាធិប្បាយនេះកើតឡើងស្របពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល លើទីក្រុងហ្កាហ្សា បានបន្តកាន់តែខ្លាំងក្លាក្នុងប៉ុន្មានថ្ងៃថ្មីៗ ដោយសម្លាប់មនុស្សរាប់សិបនាក់ នេះបើយោងតាមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន។ អ៊ីស្រាអែលនិយាយថា ប្រតិបត្តិការរបស់ខ្លួនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ និងយុទ្ធជនហាម៉ាស ប៉ុន្តែប៉ាឡេស្ទីននិយាយថា ជនស៊ីវិលជាអ្នករងគ្រោះក្នុងការវាយប្រហារទាំងនោះ៕


