វេជ្ជបណ្ឌិតបរទេសស្ម័គ្រចិត្តនៅតំបន់ហ្កាហ្សាបាននិយាយថា ពួកគេបានព្យាបាលកុមារជាង១០០នាក់ដែលត្រូវបានបាញ់ចំក្បាល ឬទ្រូង ជាភស្តុតាងច្បាស់លាស់ ដែលពួកគេអះអាងថា អ៊ីស្រាអែលកំពុងដាក់គោលដៅទៅលើអនីតិជនដោយចេតនា។
នៅក្នុងសក្ខីកម្មដែលប្រមូលបានដោយសារព័ត៌មាន Volkskrant ប្រចាំថ្ងៃរបស់ប្រទេសហូឡង់បានឲ្យដឹងថា វេជ្ជបណ្ឌិត១៥នាក់ក្នុងចំណោម១៧នាក់បានពិពណ៌នាថាបានជួបប្រទះកុមារអាយុក្រោម១៥ឆ្នាំមានរបួសដោយគ្រាប់កាំភ្លើងចំក្បាល ឬទ្រូង។ ជាមួយគ្នានេះ ពួកគេបានមើលឃើញករណីបែបនេះចំនួន១១៤ករណី ក្នុងអំឡុងពេលបេសកកម្មរបស់ខ្លួននៅតំបន់ហ្កាហ្សា។ កុមារជាច្រើននាក់បានស្លាប់ ខណៈមួយចំនួនត្រូវបានសង្គ្រោះឲ្យរួចជីវិតពីរបួសធ្ងន់ធ្ងរ។
គ្រូពេទ្យសង្គ្រោះបន្ទាន់អាមេរិក លោកស្រី Mimi Syed បាននិយាយថា «ទាំងនេះគឺជាឧក្រិដ្ឋកម្មសង្គ្រាម»។ លោកស្រីបានចងក្រងឯកសារកុមារ១៨នាក់ដែលត្រូវគេបាញ់ចំក្បាល ឬទ្រូង។
គ្រូពេទ្យវះកាត់របួសនៅរដ្ឋកាលីហ្វ័រនីញ៉ា លោក Feroze Sidhwa បាននិយាយថា ដំបូងឡើយលោកបានសន្មត់ថាករណីនេះនៅដាច់ដោយឡែករហូតដល់លោកបានជួបក្មេងប្រុសជាច្រើននាក់នៅក្នុងមន្ទីរពេទ្យ ដែលទាំងអស់គ្នានោះត្រូវបានគេបាញ់ចំក្បាល។

