នាយករដ្ឋមន្រ្តីថ្មីរបស់ប្រទេសនេប៉ាល់បានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងជំរុញជនរួមជាតិឱ្យ «រួមគ្នាកសាងប្រទេសឡើងវិញ» បន្ទាប់ពីការតវ៉ាដោយហិង្សាប្រឆាំងអំពើពុករលួយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់៧២នាក់ស្លាប់និងរាប់រយនាក់ទៀតរងរបួស។ នៅក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងរបស់លោកស្រីចាប់តាំងពីក្លាយជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់ប្រទេសតំបន់ភ្នំហិម៉ាឡៃកាលពីថ្ងៃសុក្រសប្តាហ៍មុន លោកស្រី Sushila Karki បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសនេះត្រូវតែស្តាប់ពលរដ្ឋវ័យក្មេងរបស់ខ្លួន។ អតីតប្រធានតុលាការកំពូលវ័យ៧៣ឆ្នាំរូបនេះបាននិយាយដោយសំដៅទៅលើប្រជាសាស្រ្តដែលដឹកនាំការតវ៉ាប្រឆាំងអំពើពុករលួយថា «យើងត្រូវធ្វើការតាមការគិតរបស់មនុស្សជំនាន់ Gen Z» ។ លោកស្រីបាននិយាយថា «អ្វីដែលក្រុមនេះទាមទារគឺការបញ្ចប់អំពើពុករលួយ អភិបាលកិច្ចល្អ និងសមភាពសេដ្ឋកិច្ច»។
លោកស្រី Karki បាននិយាយបន្ថែមថាលោកស្រីគ្មានបំណងចង់ដឹកនាំប្រទេសនេះទេប៉ុន្តែឈ្មោះរបស់លោកស្រីត្រូវបានលើកឡើងពីក្រុមអ្នកតវ៉ា «នៅតាមដងផ្លូវ» ។ លោកស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន បន្ទាប់ពីមានការចរចាជាច្រើនថ្ងៃក្នុងចំណោមមេដឹកនាំបាតុករ ប្រធានាធិបតី លោក Ramchandra Paudel និងមេបញ្ជាការកងទ័ព លោក Ashok Raj Sigdel។
កាលពីល្ងាចថ្ងៃសុក្រសប្តាហ៍មុន លោកប្រធានាធិបតី Paudel បានប្រកាសពីការតែងតាំងរបស់លោកស្រីដោយនិយាយថាសភាត្រូវបានរំលាយ ហើយការបោះឆ្នោតត្រូវបានកំណត់នៅថ្ងៃទី៥ ខែមីនា។ លោកស្រី Karki បាននិយាយកាលពីថ្ងៃអាទិត្យថា «យើងនឹងមិនស្ថិតនៅក្នុងស្ថានភាពណាមួយឲ្យលើសពី៦ខែឡើយ។ យើងនឹងបំពេញការទទួលខុសត្រូវរបស់យើង ហើយសន្យាប្រគល់ឱ្យសភា និងរដ្ឋមន្ត្រីបន្ទាប់។
