បាល់ទាត់៖ ក្លិបសារិកាព្រៃ Newcastle United បានខិតកាន់តែកៀកក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើប្រេស៊ីល Bruno Guimaraes ពីក្លិបបារាំង Olympique Lyon។ ក្លិបអ្នកមានថ្មីនៅអង់គ្លេសមួយនេះសង្ឃឹមថា ការផ្ទេរនឹងសំរេចរួចរាល់មុនពេលទីផ្សាដោះដូរកីឡាករបិទបញ្ចប់ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយនេះ។

កីឡាករវ័យ ២៤ឆ្នាំលេងក្នុងតួនាទីខ្សែបម្រើការពារកណ្តាល នឹងអាចមកបំពេញចំណុចខ្វះខាតរបស់ Newcastle នៅតំបន់ការពារដែលរក្សាសំណាញ់ទីមិនឱ្យគេស៊ុតចូលបានត្រឹម ២ប្រកួតប៉ុណ្ណោះរដូវកាលនេះ។ Bruno Guimaraes មានកិច្ចសន្យាជាមួយ Lyon មានសុពលភាពនៅឆ្នាំដំណាច់ឆ្នាំ២០២៤។ Newcastle United សង្ឃឹមថានឹងអាចនាំចូលកីឡាករថ្មីពី ២ ទៅ ៣រូបបន្ថែមក្នុងរយៈពេលទីផ្សារដោះដូរកីឡាករបើកចំហក្នុងខែមករានេះ។ អ្នកចាត់ការ Eddie Howe មកទល់ពេលនេះបាននាំយកកីឡាករ ២រូបរួចហើយរួមមានខ្សែការពារអង់គ្លេស Kieran Trippier ១២លានផោនពី Atletico Madrid និងខ្សែប្រយុទ្ធនូវែស៊ីឡង់ Chris Wood តម្លៃ ២៥លានផោនពី Burnley៕
អត្ថបទ៖នាង សុភាវុធ