ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA រាយការណ៍នៅថ្ងៃចន្ទ ទី១៥ ខែកញ្ញានេះ ថា បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បាននិយាយថា ជំហររបស់ប្រទេសជារដ្ឋអាវុធនុយក្លេអ៊ែរគឺមិនអាចកែប្រែបានឡើយ ដោយបានរិះគន់ការទាមទារបែប «អនាធិបតេយ្យ» របស់សហរដ្ឋអាមេរិកសម្រាប់ការឲ្យរំសាយអាវុធនុយក្លេអ៊ែរ។
បេសកកម្មអចិន្ត្រៃយ៍របស់ប្រទេសកូរ៉េខាងជើងប្រចាំនៅការិយាល័យអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនៅទីក្រុងវីយែន ត្រូវបានដកស្រង់សម្តីដោយបាននិយាយថា «ជំហររបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជារដ្ឋអាវុធនុយក្លេអ៊ែរ ដែលត្រូវបានបញ្ជាក់ជាអចិន្ត្រៃយ៍នៅក្នុងច្បាប់កំពូល និងជាមូលដ្ឋានរបស់រដ្ឋ គឺមិនអាចកែប្រែបានឡើយ»។
ខណៈកំពុងរិះគន់ការជំរុញរបស់សហរដ្ឋអាមេរិកសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែរថាជា «ទង្វើបង្កហេតុ» នៃការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ទីក្រុងព្យុងយ៉ាងបាននិយាយការពារអាវុធនុយក្លេអ៊ែររបស់ខ្លួនថាជា «ជម្រើសជៀសមិនរួច» ក្នុងការការពារប្រទេសពីការគំរាមកំហែងនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

