ក្រុមហ៊ូទីនៅប្រទេសយេម៉ែនបាននិយាយកាលពីថ្ងៃអាទិត្យថា បុគ្គលិក២៦នាក់នៃបណ្តាញផ្សព្វផ្សាយក្នុងស្រុកស្ថិតក្នុងចំណោមមនុស្ស៤៦នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើរដ្ឋធានីសាណា។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមនេះបាននិយាយថា ការវាយប្រហារបានបំផ្លាញការិយាល័យរបស់សារព័ត៌មានចំនួនពីរកន្លែង។ ប៉ុន្តែការវាយប្រហារនេះនឹងមិន «ធ្វើឱ្យប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនចុះខ្សោយឡើយ»។
អាជ្ញាធរសុខាភិបាលគ្រប់គ្រងដោយក្រុមហ៊ូទី បាននិយាយថា មនុស្សចំនួន១៦៥នាក់ រួមទាំងស្ត្រី និងកុមារក៏បានរងរបួសផងដែរ។ ទូរទស្សន៍ al-Masirah របស់ក្រុមហ៊ូទី បានចាក់ផ្សាយវីដេអូនៃអគារលំនៅឋានដែលត្រូវបានបំផ្លាញ និងក្រុមអ្នកជួយសង្គ្រោះកំពុងស្វែងរកនៅតាមគំនរបាក់បែក។
យោធាអ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារជំរំយោធា ទីបញ្ជការទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ូទី និងទីតាំងស្តុកប្រេង ដោយចាត់ទុកចំណាត់ការនេះថាជា «ការឆ្លើយតប» ចំពោះការវាយប្រហារដោយយានដ្រូន និងមីស៊ីលដែលវាយប្រហារដោយក្រុមនេះ។
អ្នកនាំពាក្យយោធាក្រុមហ៊ូទី លោក Yahya Sarea ដែលការិយាល័យរបស់លោកក៏ត្រូវបានវាយប្រហារក្នុងអំឡុងពេលការវាយប្រហារតាមអាកាសផងដែរនោះ បានប្តេជ្ញាសងសឹកដោយនិយាយថា ការវាយប្រហារនឹងត្រូវបានឆ្លើយតប។ ក្រុមហ៊ូទី ដែលគ្រប់គ្រងភាគច្រើននៅភាគខាងជើងប្រទេសយេម៉ែន បានសន្យាបន្តការវាយប្រហារលើអ៊ីស្រាអែលក្នុងការឆ្លើយតបនិងជំរុញឱ្យបញ្ចប់សង្រ្គាម និងកាបិទផ្លូវនៅតំបន់ហ្កាហ្សា។

