ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃចន្ទ (១៥ កញ្ញា) នេះថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន នៅក្នុងសប្ដាហ៍នេះ ចន្លោះពីថ្ងៃទី១៧ និង១៨ ខែកញ្ញា ខាងមុខ។

ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Cho នឹងបើកកិច្ចប្រជុំនៅថ្ងៃពុធ ជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងពិភាក្សាពីផែនការផ្សេងៗ រួមទាំងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីចិន Xi Jinping ទៅកាន់កូរ៉េខាងត្បូង នៅខែក្រោយនេះផងដែរ។
សូមជម្រាបជូនថា ក្រុមមន្ត្រីជាន់ខ្ពស់ទីក្រុងសេអ៊ូល បានអញ្ជើញទាំងលោក Xi និងលោកប្រធានាធិបតីអាមេរិក Donald Trump ទៅចូលរួមកិច្ចប្រជុំកំពូលនៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅកូរ៉េខាងត្បូង ក្នុងថ្ងៃទី៣១ ខែតុលា នៅទីក្រុង Gyeongju ជាទីដែលមានការរំពឹងទុកខ្ពស់អំពីលទ្ធភាពនៃជំនួបរវាងលោក Trump-Xi។
ជាមួយគ្នានេះ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ក៏បានស្នើឱ្យលោក Trump ព្យាយាមជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un Kim ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់នេះផងដែរ។ ជំនួបកំពូល APEC ដ៏សំខាន់នោះកើតឡើងស្របពេលដែលកូរ៉េខាងត្បូង បាននឹងកំពុងជំរុញឱ្យទីក្រុងប៉េកាំង ដើរតួនាទីស្ថាបនាក្នុងការនាំទីក្រុងព្យុងយ៉ាង ឱ្យចូលរួមក្នុងកិច្ចសន្ទនាជុំវិញកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

